នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines លោក Le Hong Ha បាននិយាយថា វៀតណាមនឹងខ្វះយន្តហោះដឹកអ្នកទេសចររហូតដល់ចុងឆ្នាំ២០២៥ ឯណោះ ដោយសារតែម៉ាស៊ីនយន្តហោះរាប់ពាន់គ្រឿងមានបញ្ហាខូច និងកំពុងជួសជុល ។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ លោក Le Hong Ha បានលើកឡើងថា ម៉ាស៊ីនយន្តហោះប្រហែល ៣,៥០០ គ្រឿងត្រូវបានប្រមូលជួសជុលនៅទូទាំងពិភពលោក ហើយក្នុងមួយគ្រឿងៗត្រូវចំណាយពេលជួសជុលជាមធ្យមពី ៩០ ទៅ ៣០០ ថ្ងៃ ។
ទន្ទឹមនឹងនោះ ម៉ាស៊ីនមួយចំនួននៅក្នុងយន្តហោះខ្នាតធំៗដូចជា Airbus A350 និង Boeing B787 ក៏រងផលប៉ះពាល់ផងដែរ ខណៈក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines មានយន្តហោះប្រភេទនេះចន្លោះពី ២ គ្រឿងទៅ ៤ គ្រឿង។
លោកបន្តថា សម្រាប់ការបញ្ជាទិញយន្តហោះថ្មីៗពីសំណាក់ក្រុមហ៊ុន Airbus និង Boeing វិញនឹងត្រូវដេកចាំរហូតដល់ឆ្នាំ ២០៣០ ឬ ២០៣១ ឯណោះ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងលុបចោលផែនការលក់យន្តហោះ Airbus A321neo ចំនួន ៦ ដែលខ្លួនបានយល់ព្រមកាលពីឆ្នាំមុន ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោតក៏ទាញឱ្យថ្លៃសំបុត្រយន្តហោះរបស់ក្រុមហ៊ុន Vietnam Airlines ហក់ឡើងពី ១៥ ភាគរយទៅ ១៧ ភាគរយក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ស្របពេលដែលក្រុមហ៊ុនដាក់គោលដៅរកប្រាក់ចំណូលចំនួន ៨០.៩៨ ពាន់ពាន់លានដុងសម្រាប់ឆ្នាំនេះ ៕
បកប្រែ ៖ ទីន