អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីពេលថ្មីៗនេះថា គ្រឿងស្រវឹងគឺជាឃាតករលាក់មុខដែលបានសម្លាប់មនុស្សចំនួន ២.៦ លាននាក់បានជារៀងរាល់ឆ្នាំ ។
របាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិស្តីពីគ្រឿងស្រវឹង និងសុខភាពបាននិយាយថា តួលេខនេះគឺមានការកើនឡើង ៤.៧ ភាគរយប្រើប្រៀបធៀបនឹងឆ្នាំ ២០១៩ ហើយជិត ៣ ភាគ ៤ នៃអ្នកស្លាប់ដោយសារគ្រឿងស្រវឹង គឺជាបុរស ។
ចំណែកកត្តាសំខាន់ៗដែលនាំឱ្យមនុស្សស្លាប់ច្រើនបែបនេះ គឺបណ្ដាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង ការប្រើអំពើហិង្សា និងការរំលោភបំពានដែលកើតចេញពីគ្រឿងស្រវឹងចូលខ្លួន ក៏ដូចជាកើតជំងឺផ្សេងៗដូចជា ក្រិនថ្លើម និងមហារីកជាដើម ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា “ការប្រើប្រាស់សារធាតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព នឹងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ ស្ថានភាពសុខភាពផ្លូវចិត្ត ជាពិសេសគឺសោកនាដកម្មដែលបណ្តាលឱ្យមានអ្នកស្លាប់រាប់លាននាក់ក្នុងមួយឆ្នាំៗនេះឯង” ។
លោកបានចង្អុលបង្ហាញថា មានតែឆ្នាំ ២០១០ ប៉ុណ្ណោះដែលពិភពលោកកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ខណៈគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងស្រវឹងនៅទូទាំងពិភពលោកក៏ធ្លាក់ចុះទៅតាមនោះ ។
ទោះយ៉ាងណា សង្គមបច្ចុប្បន្នប្រែជាមានការប្រើប្រាស់គ្រឿងស្រវឹងច្រើនក្នុងកម្រិតខ្ពស់ដែលមិនអាចទទួលយកបាន ជាពិសេសមនុស្សវ័យក្មេងរងផលប៉ះពាល់ខ្លាំងជាងគេ ពោលក្នុងចំណោមអ្នកស្លាប់ដោយសារគ្រឿងស្រវឹងមានអាយុ ២០ ទៅ ៣៩ ឆ្នាំ ៕
បកប្រែ ៖ ទីន