វៀតណាមឱ្យក្រុមហ៊ុនវិនិយោគចិនជួយក្នុងវិស័យផ្លូវដែក

វៀតណាមឱ្យក្រុមហ៊ុនវិនិយោគចិនជួយក្នុងវិស័យផ្លូវដែក

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអំពាវនាវដល់ក្រុមហ៊ុនចិនជួយវៀតណាមអភិវឌ្ឍវិស័យផ្លូវដែកជាមួយនឹងការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ។

លោកនាយករដ្ឋមន្ត្រីបានប្រាប់លោក Sun Rongkun ប្រធានក្រុមហ៊ុន Dalian Locomotive and Rolling Stock Co ថា ប្រទេសវៀតណាមមានផ្លូវដែកជាង ២,០០០ គីឡូម៉ែត្រ និងស្ថានីយចំនួន ៣០០ ស្ថានីយ ប៉ុន្តែមិនបានប្រើប្រាស់បណ្តាញទាំងនោះពេញលេញនៅឡើយទេ ។

ជាការឆ្លើយតបលោក Sun បាននិយាយថា ក្រុមហ៊ុនរបស់គាត់ចង់ចាប់ដៃគូជាមួយប្រទេសវៀតណាមក្នុងការសាងសង់ផ្លូវដែក និងផ្ទេរបច្ចេកវិទ្យាលើវិស័យមួយនេះ ។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនចិន​មាន​ឆន្ទៈ​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​ផ្លូវដែក​ក្នុង​ប្រទេស​វៀតណាម ជា​ពិសេស​នៅ​ភាគ​ខាងជើង រួមទាំង​នៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ខណៈក្រុមហ៊ុនបានអនុវត្តគម្រោងស្រដៀងគ្នានេះនៅក្នុងប្រទេសឡាវ និងម៉ាឡេស៊ីរួចទៅហើយ ។

សូមជម្រាបថា វៀតណាម និងចិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីចុងឆ្នាំមុន ដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ ហើយក្នុងនោះប្រទេសទាំងពីរក៏បានយល់ព្រមបង្កើតផ្លូវដែកស្តង់ដារឆ្លងព្រំដែន និងចាប់ផ្តើមសេវាកម្មរវាងតំបន់ប្រទេសចិនតភ្ជាប់ទីក្រុងហាណូយ និងទីក្រុង Hai Phongផងដែរ ៕

បកប្រែ ៖ ទីន