ចិនគឺជាប្រទេសខ្លាសេដ្ឋកិច្ចដ៏កំពូលមួយដួងប្រចាំនៅតំបន់អាស៊ី និងជាប់ចំណាត់ថ្នាក់ទី ២ ជាមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោកស្ថិតក្រោមតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ។
យោងតាមទស្សនាវដ្ដី New Fortune បានឲ្យដឹងថា ចិនមានមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាប្រមាណជា ៤ រូបដែលកំពុងមានឈ្មោះបោះសំឡេង ហើយអ្នកទាំងនោះមានដូចជា ៖
១- លោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings
លោក Huang វ័យ ៤៤ ឆ្នាំគឺជាអ្នកមានបំផុតនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤២៥ ពាន់លានយ័ន (៥៩ ពាន់លានដុល្លារ) ។
លោក Huang បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូរទ័រ ហើយធ្លាប់ធ្វើការឱ្យក្រុមហ៊ុន Microsoft និង Google នៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្នលោកគឺជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន PDD Holdings ដែលជាក្រុមហ៊ុនអេឡិចត្រូនិកយក្សដែលដំណើរការលើវេទិកាទិញទំនិញ Pinduoduo ។
២- លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance
លោក Zhang Yiming វ័យ ៤១ ឆ្នាំបានជាប់ចំណាត់ថ្នាក់លេខ ២ ជាមហាសេដ្ឋីបច្ចេកវិទ្យាចិនជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៧ ពាន់លានដុល្លារ ។
លោក Zhang បានកាន់កាប់ភាគហ៊ុន ByteDance ប្រមាណ ២១ ភាគរយ ។ ByteDance គឺជាក្រុមហ៊ុនមេរបស់ TikTok ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ច្រើនជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក ។
លោក Zhang បានចាប់ផ្តើមបង្កើតក្រុមហ៊ុននេះឡើងក្នុងឆ្នាំ ២០១២ ប៉ុន្តែលោកបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុននៅឆ្នាំ ២០២១ ។
៣- លោក Ma Huateng ស្ថាបនិកក្រុមហ៊ុន Tencent Holdings
លោក Ma Huateng វ័យ ៥៣ ឆ្នាំ មានទ្រព្យសម្បត្តិ ២៩ ពាន់លានដុល្លារ ។ លោកគឺជាប្រធានក្រុមហ៊ុន Tencent Holdings ដែលដំណើរការកម្មវិធីផ្ញើសារ WeChat ជាមួយនឹងអ្នកប្រើប្រាស់ ១.៣ ពាន់លាននាក់ ។
Tencent គឺជាក្រុមហ៊ុនលក់វីដេអូហ្គេមដ៏ធំបំផុតរបស់ពិភពលោក ហើយក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនវីដេអូហ្គេមរបស់សហរដ្ឋអាមេរិក Epic Games និងក្រុមហ៊ុនផលិតរថយន្ត Tesla ផងដែរ ។
៤- លោក Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba Group Holding
លោក Jack Ma វ័យ ៦០ ឆ្នាំមានទ្រព្យសម្បត្តិសុទ្ធ ២៨.៥ ពាន់លានដុល្លារ ។ ក្រុមហ៊ុន Alibaba ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ឥឡូវនេះគឺជាអាជីវកម្មអេឡិចត្រូនិកធំបំផុតមួយរបស់ពិភពលោក ។
ទោះយ៉ាងណា លោកបានលាលែងពីតំណែងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩ ខណៈទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីស្ទុះឡើងដល់កម្រិតកំពូល ៤៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ៕
បកប្រែ ៖ ទីន