កាន់តែទំនើប!មន្ទីរពេទ្យល្បីនៅប្រទេសថៃចំណាយ២០០លានបាតបង្កើតមជ្ឈមណ្ឌលវះកាត់ដោយប្រើមនុស្សយន្ត

កាន់តែទំនើប!មន្ទីរពេទ្យល្បីនៅប្រទេសថៃចំណាយ២០០លានបាតបង្កើតមជ្ឈមណ្ឌលវះកាត់ដោយប្រើមនុស្សយន្ត



មន្ទីរពេទ្យបាងកកប្រទេសថៃ (Bangkok Hospital) បានប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយប្រើមនុស្សយន្ត Da vinci xi សម្រាប់ការវះកាត់ជាមួយការវិនិយោគអស់ជាង២០០លានបាតដើម្បីបង្កើតមជ្ឈមណ្ឌលវះកាត់។ បច្ចេកវិទ្យាវេជ្ជសាស្រ្តនេះ ជួយឲ្យការវះកាត់កាន់តែមានប្រសិទ្ធភាព កាត់បន្ថយការប៉ះពាល់ ការឈឺចាប់តិច និងជាសះស្បើយលឿន។

ក្នុងសនិ្នសីទ្ធសារព័ត៍មាននៅប្រទេសថៃក្រោមប្រធានបទ “ការវះកាត់ដោយបច្ចេកវិទ្យាថ្មី មនុស្សយន្ត” កាលពីថ្ងៃទី២០ មិថុនា ២០២៤ ដែលមានក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញៗប្រចាំមន្ទីរពេទ្យនិងអ្នកសារព័ត៍មានពីក្រៅប្រទេសច្រើនរូបចូលរួម លោក Ekkit Surakarn នាយករងមន្ទីរពេទ្យបាងកកប្រទេសថៃ និយាយថា ប្រព័ន្ធវះកាត់ដោយមនុស្សយន្ត Da Vinci xi ជួយឲ្យគ្រូពេទ្យវះកាត់នៅតំបន់ស្មុគស្មាញកាន់តែងាយស្រួលនិងផ្តល់នូវរូបភាព3D កាន់តែច្បាស់។

តាមដានជាមួយយើង៖ Million Times


ចាប់តាំងពីប្រើបច្ចេកវិទ្យានេះ មន្ទីរពេទ្យទទួលបានជោគជ័យលើ២០០ករណីរួចមកហើយ ។ ការវះកាត់សម្រាប់លើប្រភេទជំងឺដូចជា ជំងឺ thoracic ( មហារីកសួត និងជំងឺក្រពេញទីមុស ) ជំងឺ urological ( មហារីកក្រពេញប្រូស្តាត និងតម្រងនោម) ជំងឺពោះ ជំងឺថ្លើម លំពែង ទឹកប្រមាត់ គ្រួសក្នុងប្រមាត់ មហារីកថ្លើម មហារីកលំពែង និងមហារីកប្រមាត់ ព្រមទាំងជំងឺរោគស្ត្រី (ដុំសាច់ក្នុងស្បូន មហារីកស្បូន ដុំសាច់ស្បូន និងមហារីកស្បូនជាដើម)។

មនុស្សយន្តវះកាត់គឺដូចជាកុំព្យូទ័រទំនើបប៉ុន្តែវាមិនអាចដំណើរការដោយគ្មានការគ្រប់គ្រងរបស់គ្រូពេទ្យបានទេ។ ដូច្នេះហើយគ្រូពេទ្យគ្រប់គ្រងចលនារបស់ដៃមនុស្សយន្តតាមរយៈកុងសូបញ្ជា ដោយគ្រូពេទ្យវះកាត់មិនបាច់ឈរក្បែរគ្រែអ្នកជំងឺឡើយ។

គុណប្រយោជន៍ដ៏អស្ចារ្យនៃការព្យាបាលនេះ គឺអ្នកជំងឺមិនប្រឈមការបាត់បង់ឈាមច្រើន រយៈពេលប្រតិបត្តិការវះកាត់ខ្លី ហើយអ្នកជំងឺអាចធ្វើចលនាបានលឿននិងស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លីថែមទៀតផង។ ជាមួយគ្នានោះ ការវះកាត់ដោយប្រើមនុស្សយន្ត Da Vinci xi ជួយឲ្យស្នាមវះតូចជាង ការឈឺចាប់តិច និងផលវិបាកក្រោយការវះកាត់ទាបជាងបើប្រៀបធៀបទៅនឹងការវះកាត់ធម្មតា។

ចក្ខុវិស័យយុទ្ធសាស្រ្តរបស់មន្ទីរពេទ្យ គឺដើម្បីក្លាយជាមជ្ឈមណ្ឌលព្យាបាលដោយមនុស្សយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍ ការព្យាបាលមានកម្រិតខ្ពស់កាន់តែងាយស្រួលសម្រាប់អ្នកជំងឺទូទាំងតំបន់ជាមួយតម្លៃប្រកួតប្រជែង៕

អត្ថបទ៖ នារតី