ទោះបីជាមានទ្រព្យសម្បត្តិក្នុងដៃ ១៧៧ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែស្ថាបនិក Facebook លោក Mark Zuckerberg គឺជាមនុស្សចូលចិត្តប្រើប្រាស់រថយន្តដែលមានតម្លៃថោក លើកលែងតែរថយន្តទំនើប Pagani Huayra ។
ថ្ងៃនេះ សារព័ត៌មាន “Million Times” នឹងលើកយករថយន្ត ៥ គ្រឿងរបស់លោកមហាសេដ្ឋីលំដាប់ទី ៤ នៅលើពិភពលោករូបនេះមកបង្ហាញជូនប្រិយមិត្ត ៖
១. រថយន្ត Acura TSX
យោងតាមសារព័ត៌មាន CNBC បានឱ្យដឹងថា ជារឿយៗលោក Mark Zuckerberg ចូលចិត្តជិះរថយន្តម៉ាក Acura TSX ពណ៌ខ្មៅ ដែលមានតម្លៃប្រហែល ៣០,០០០ ដុល្លារ ដោយសារតែវាមានសុវត្ថិភាព ផាសុកភាព ប៉ុន្តែមិនទំនើបណាស់ណានោះទេ ។
២. រថយន្ត Volkswagen Golf GTI
សារព័ត៌មាន Business Insider បានរាយការណ៍ថា មហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៣៩ ឆ្នាំរូបនេះបានទិញរថយន្ត Volkswagen Golf GTI សេរ៊ីឆ្នាំ ២០១៤ ក្នុងតម្លៃ ៣០,៤១៥ ដុល្លារ ដោយសារតែផ្នែកខាងក្នុងនៃរថយន្តគឺធំទូលាយ និងកន្លែងអង្គុយមានផាសុកភាព ។
៣. រថយន្ត Honda Fit
ថៅកែក្រុមហ៊ុន Meta រូបនេះក៏ត្រូវបានគេប្រទះឃើញបើករថយន្ត Honda Fit ជាច្រើនលើកច្រើនសារផងដែរ ។ យោងតាមទស្សនាវដ្តី Car and Driver បានឱ្យដឹងថា បើគិតនៅសហរដ្ឋអាមេរិក រថយន្តប្រភេទនេះមានតម្លៃចាប់ពី ១៧,១៨៥ ដុល្លារ ។
៤. រថយន្ត Ford Bronco
នៅឆ្នាំ ២០២២ លោក Mark Zuckerberg បានចែករំលែករូបថតនៃរថយន្ត Ford Broncos ចំនួន ២ គ្រឿងនៅលើបណ្ដាញសង្គម Instagram ខណៈតម្លៃរបស់រថយន្តមួយនេះត្រូវបានគេដឹងថា យ៉ាងហោចណាស់ក៏ ៣២,៨៩៥ ដុល្លារផងដែរ ។
៥. រថយន្ត Pagani Huayra
មហាសេដ្ឋីលំដាប់ទី ៤ នៅលើពិភពលោករូបនេះបានទិញរថយន្ត Pagani Huayra ក្នុងឆ្នាំ ២០១៤ ហើយវារថយន្តដែលថ្លៃជាងគេបំផុតក្នុងចំណោមរថយន្ត ៤ គ្រឿងផ្សេងទៀត ពោលមានតម្លៃរហូតដល់ ១.៤ លានដុល្លារឯណោះ ។
Pagani គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតបំផុតរបស់អ៊ីតាលី ខណៈម៉ូដែលចុងក្រោយគេបង្អស់គឺ Huayra សេរ៊ីឆ្នាំ ២០២០ មានតម្លៃចាប់ពី ៣.៤ លានដុល្លារឡើងទៅ ៕
បកប្រែ ៖ ទីន