លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើទៅដល់ប្រទេសវៀតណាមហើយក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ។
ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងវៀតណាមបានឈានដល់ ៣.៦៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង ២.៣ ភាគរយធៀបនឹងឆ្នាំមុន និងដាក់គោលដៅដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។
គិតត្រឹមខែមេសា រុស្ស៊ីបានវិនិយោគ ៩៨៤,៩៨ លានដុល្លារក្នុងគម្រោងចំនួន ១៨៦ នៅវៀតណាម ដែលធ្វើឱ្យរដ្ឋាភិបាលទីក្រុងមូស្គូក្លាយជាវិនិយោគិនធំជាងគេទី ២៨ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៥ ។
ចំណែកបើយោងតាមក្រសួងផែនការ និងវិនិយោគ ប្រទេសវៀតណាមបានបណ្ដាក់ទុនវិនិយោគចំនួន ១.៦៣ ពាន់លានដុល្លារក្នុងគម្រោងចំនួន ១៨ នៅប្រទេសរុស្ស៊ី ដោយផ្តោតលើវិស័យសំខាន់ៗដូចជាប្រេង ឧស្ម័ន កសិកម្ម និងផលិតកម្ម ។
ក្រៅពីទំហំពាណិជ្ជកម្ម វៀតណាម និងរុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥០ ហើយលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១២ ។
សូមជម្រាបថា លោក ពូទីន ធ្លាប់មកប្រទេសវៀតណាម ៤ ដងរួចមកហើយ ក្នុងនោះមាន ៣ ដងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវការ និងរដ្ឋនៅឆ្នាំ ២០០១, ២០០៦ ឆ្នាំ ២០១៣ ចំណែកមួយដងទៀតក្នុងឆ្នាំ២០១៧ គឺលោកចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang ៕
បកប្រែ ៖ ទីន