ប្រជាពលរដ្ឋចិនបាននិងកំពុងសម្រុកទៅទិញមាសទុក បើទោះបីជាតម្លៃហក់ឡើងដល់ ២,៤៤៩ ដុល្លារក្នុងមួយតម្លឹងក៏ដោយ ដោយសារតែសេដ្ឋកិច្ចប្រទេសស្ថិតក្នុងភាពមិនប្រាកដប្រជា បូករួមនឹងវិស័យអចលនទ្រព្យក៏កំពុងជួបវិបត្តិស្ទើរតែហៅលែងឮផង ។
ជាក់ស្ដែង ហាង Caibai ដែលជាហាងលក់គ្រឿងអលង្ការដ៏ល្បីល្បាញនៅទីក្រុងប៉េកាំង គេឃើញមានអតិថិជនកាន់តែច្រើនឡើងៗ ប៉ុន្តែភាគច្រើនមិនសូវជាមានលុយកាក់ប៉ុន្មានទេនោះ បានសម្រុកទៅទិញមាសដែលពួកគេចាត់ទុកថាជារបស់ទ្រព្យដ៏មានសុវត្ថិភាពបំផុត ចំពេលមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស ។
បើទោះបីជាចិនកំពុងខំប្រឹងស្ដារប្រទេសឱ្យងើបចេញពីជំងឺរាតត្បាតកូវីដ ១៩ និងទាញវិស័យអចលទ្រព្យឱ្យមានដង្ហើមដកឡើងវិញក៏ដោយ ប៉ុន្តែមាសនៅតែជារបស់ទ្រព្យដ៏សុវត្ថិភាព និងល្អបំផុតសម្រាប់ពលរដ្ឋរបស់ខ្លួន ។
ទន្ទឹមនោះ មិនត្រឹមតែប្រជាពលរដ្ឋនោះទេដែលសម្រុកទៅទិញមាសទុក ពោលធនាគារកណ្ដាលចិនក៏បាននិងកំពុងឆ្លៀតទិញលោហៈធាតុពណ៌លឿងដ៏មានតម្លៃនេះផងដែរ ។
យោងតាមសមាគមឧស្សាហកម្មក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា ធនាគារប្រជាជនចិន (PBOC) បានទិញមាសចំនួន ២២៥ តោនក្នុងឆ្នាំ ២០២៣ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលតែ ១ ឆ្នាំប៉ុណ្ណោះ ។
សមាគមបានបន្ថែមទៀតថា ការសម្រុកទិញមាសរបស់ប្រជាជនចិនបានកើនឡើង ៥.៩៤ ភាគរយ ហើយបើប្រៀបធៀបនឹងឆ្នាំមុនឡើងដល់កម្រិត ៣០៨.៩១ តោន ខណៈមូលហេតុនោះគឺដោយសារតែប្រជាពលរដ្ឋអស់ទំនុកចិត្តទៅលើវិស័យអចលនទ្រព្យ ៕
បកប្រែ ៖ ទីន