ធនាគារ Saigon Commercial Bank (SCB) ដែលអតីតសេដ្ឋិនីអចលនទ្រព្យវៀតណាមលោកស្រី Truong My Lan ធ្វើឱ្យខាតបង់ទឹកប្រាក់ចំនួន ៦៧៧ ពាន់ពាន់លានដុង (២៧ ពាន់លានដុល្លារ) បានស្នើសុំអាជ្ញាធរក្នុងតំបន់កុំរឹបអូសយកដីធ្លីដែលទាក់ទងនឹងករណីក្លែងបន្លំរបស់លោកស្រី ។
ដីដែលស្ថិតក្នុងគម្រោងសាងសង់សណ្ឋាគារ និងផ្សារទំនើប Da Lat Plaza ក្នុងខេត្ត Lam Dong ភាគកណ្តាល ត្រូវបានដាក់បញ្ចាំដោយក្រុមហ៊ុន Oak Hill ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ ដើម្បីយកប្រាក់កម្ចីពីធនាគារ SCB ក្នុងទំហំទឹកប្រាក់ចំនួន ៧៣៤ ពាន់លានដុង (២៨.៩ លានដុល្លារ។ ) ។
ដើមឡើយដីក្នុងគម្រោងត្រូវបានអនុញ្ញាតឱ្យសាងសង់ក្នុងឆ្នាំ ២០១០ មុនពេលអាជ្ញាធរខេត្ត Lam Dong បានពន្យាពេលដល់ឆ្នាំ ២០២២ ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុនអភិវឌ្ឍន៍ Delta Tourist Jsc មិនទាន់ចាប់ផ្តើមសាងសង់អ្វីនោះឡើយ ខណៈបច្ចុប្បន្នអាជ្ញាធរចង់ដកហូតអាជ្ញាប័ណ្ណ និងកាន់កាប់ដីនោះវិញផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ធនាគារ SCB បាននិយាយថា ដីនេះគឺជាផ្នែកមួយនៃបញ្ជីទ្រព្យសម្បត្តិដែលភ្ជាប់ទៅនឹងការកាត់ក្តីរបស់អតីតសេដ្ឋិនីដែលជាប់ទោសប្រហារជីវិត និងអ្នកសមគំនិត ដូច្នេះការរឹបអូសលើដីគម្រោងនេះនឹងប៉ះពាល់ដល់ដំណើរការសងសំណង ។
សូមជម្រាបថា កាលពីប៉ុន្មានសប្ដាហ៍មុន ប៉ូលិសវៀតណាមក៏បានណែនាំឱ្យតុលាការចោទប្រកាន់បន្ថែមលើអតីតសេដ្ឋិនីអចលនទ្រព្យ Truong My Lan និងគ្នីគ្នាចំនួន ៣៣ ផ្សេងទៀតពីបទលាងលុយកខ្វក់ ក្លែងបន្លំទ្រព្យសម្បតិ្ត និងការជួញដូររូបិយប័ណ្ណឆ្លងដែនខុសច្បាប់ ខណៈលោកស្រីក៏បានប្ដឹងឧទ្ធរណ៍វិញផងដែរ ៕
បកប្រែ ៖ ទីន