ក្រុមហ៊ុន Ambuja Cements Ltd. ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Adani Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផលិតស៊ីម៉ងត៍ Penna Cement Industries ក្នុងតម្លៃចំនួន ១០៤.២ ពាន់លានរូពី ស្មើនឹង ១.២ ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Ambuja នឹងទិញ Penna ដែលជាគូប្រជែងមួយក្នុងពេលប្រតិបត្តិការនៅឧបទ្វីបឥណ្ឌា និងស្រីលង្កា ហើយរំពឹងថានឹងបញ្ចប់ការទិញក្នុងរយៈពេល ៤ខែ។ នេះបើយោងតាមឯកសារកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ចុះផ្សាយដោយទស្សនាវដ្តី bloomberg។
ការទិញយកក្រុមហ៊ុនផលិតស៊ីម៉ងត៍ Penna របស់មហាសេដ្ឋី Gautam Adani ស្របពេលក្រុមហ៊ុនផលិតស៊ីម៉ងត៍ឥណ្ឌារូបមួយនេះកំពុងស្វែងរកមធ្យោបាយ រួមទាំងការចុះកិច្ចសន្យា ដើម្បីបង្កើនផលិតកម្ម និងបំពេញតម្រូវការសម្ភារៈសំណង់ ចំពេលមានសន្ទុះលំនៅដ្ឋានកើនឡើង និងការចំណាយដ៏សន្ធឹកសន្ធាប់របស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ។
សូមជម្រាបថា ក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនកំពង់ផែថាមពល បាននិយាយកាលពីខែធ្នូឆ្នាំ២០២៣កន្លងទៅថា ខ្លួនគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៨៤ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ ក្រុមហ៊ុន Penna