មហាសេដ្ឋី Elon Musk កំពុងពិចារណាលទ្ធភាពនៃការផលិតទូរស័ព្ទស្មាតហ្វូនម៉ាក X ស្របពេលដែលលោកគំរាមបុគ្គលិកក្រុមហ៊ុនរបស់លោកមិនឱ្យប្រើទូរស័ព្ទ iPhone និងឧបករណ៍ផ្សេងទៀតរបស់ក្រុមហ៊ុន Apple ។
មហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៥៤ ឆ្នាំរូបនេះបានសរសេរបង្ហោះលើបណ្ដាញសង្គម X ថា “លោកកំពុងគិតថ្លឹងថ្លែងពីការផលិតស្មាតហ្វូនមួយនេះ ហើយក្រុមហ៊ុន X នឹងចាប់ដៃគូផលិតជាមួយក្រុមហ៊ុន Samsung ខណៈពេលវេលាជាក់លាក់ណាមួយនោះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ” ។
គម្រោងការរបស់លោក Elon Musk កើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Apple មានផែនការចាប់ដៃគូជាមួយក្រុមហ៊ុន OpenAI ដើម្បីដាក់បញ្ចូល ឬដំណើរការបច្ចេកវិទ្យា AI ចូលទៅក្នុងទូរស័ព្ទ iPhone ។
ទាក់ទិននឹងបញ្ហានេះដែរ CEO របស់ក្រុមហ៊ុន Tesla និង SpaceX មួយនេះបានហៅការចាប់ដៃគូរបស់ក្រុមហ៊ុន Apple ជាមួយ OpenAI ថាជាការរំលោភលើសុវត្ថិភាពដែលមិនអាចទទួលយកបានឡើយ ។
ទន្ទឹមនោះ បើទោះបីជា Elon Musk បានបង្កើតក្រុមហ៊ុន OpenAI រួមជាមួយនាយកប្រតិបត្តិលោក Sam Altman និងអ្នកផ្សេងទៀតនៅក្នុងឆ្នាំ ២០១៥ ក៏ដោយ ប៉ុន្តែមហាសេដ្ឋីលំដាប់ទី ២ នៅលើពិភពលោករូបនេះ ក៏ជាអ្នករិះគន់មិនសំចៃមាត់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា AI មួយនេះផងដែរ ចាប់តាំងពីលោកបានលាឈប់ពីក្រុមប្រឹក្សាភិបាលកាលពីឆ្នាំ ២០១៨ ៕
បកប្រែ ៖ ទីន