ក្រុមហ៊ុន Hoang Huy ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងប្រទេសវៀតណាមបានត្អូញត្អែរថា ឆ្នាំនេះក្រុមហ៊ុននឹងធ្លាក់ចុះប្រាក់ចំណេញរហូតដល់ ៣៥ ភាគរយក្នុងទំហំទឹកប្រាក់ ៨០០ ពាន់លានដុង (៣១.៤៥ លានដុល្លារអាមេរិក) ។
ស្របពេលជាមួយគ្នានេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Hoang Huy ក៏អាចនឹងធ្លាក់ចុះប្រមាណជា ២.៥ ពាន់លានដុងផងដែរ ដោយសារតែបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការសាងសង់ ក៏ដូចជាអភិវឌ្ឍគម្រោងធំៗមួយចំនួនដែលគ្រោងនឹងរួចរាល់ជាស្ថាពរក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំទៀតឯណោះ ។
គម្រោងធំៗមួយចំនួននោះរួមមាន គម្រោង Hoang Huy Riverside Urban Area, គម្រោង Grand Tower Apartment និងគម្រោង Hoang Huy Mall ដែលសុទ្ធសឹងតែនៅទីក្រុង Hai Phong ខណៈបូកបញ្ចូលគម្រោងទាំងនេះគឺមានផ្ទៃដីប្រហែល ១៥០ ហិកតា ។
ទោះយ៉ាងណា កាលពីឆ្នាំមុនក្រុមហ៊ុន Hoang Huy ក៏កើបបានប្រាក់ចំណូលសុទ្ធប្រមាណ ៣.៨ ពាន់ពាន់លានដុងផងដែរ ពោលជិតទ្វេដងនៃតួលេខឆ្នាំ ២០២២ និងខ្ពស់ជាងគោលដៅរំពឹងទុកដល់ទៅ ៧០ ភាគរយ ខណៈប្រាក់ចំណេញក្រោយបង់ពន្ធរួចមានរហូត ១,២៤៣ ពាន់លានដុងឯណោះ ។
សូមជម្រាបថា ក្រៅពីជោគជ័យក្នុងទីផ្សារអចលនទ្រព្យហើយនោះ ក្រុមហ៊ុន Hoang Huy ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ នៅទីក្រុង Hai Phong ក៏ចេញរកស៊ីលើការផលិតម៉ូតូ និងឡានដឹកទំនិញ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះក៏ក្លាយជាកូនសោរដ៏សំខាន់ក្នុងការចែកចាយរថយន្តដឹកទំនិញធុនកណ្ដាលនៅវៀតណាមផងដែរ ៕
បកប្រែ ៖ ទីន