ក្រុមហ៊ុន Microsoft កាលពីថ្ងៃពុធបានជ្រុះចេញពីតំណែងជាកំពូលក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីត្រូវបានទាញទម្លាក់ដោយក្រុមហ៊ុន Apple ដោយសារតែគម្រោងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។
ភាគហ៊ុនក្រុមហ៊ុន Apple បានហក់ឡើងជិត ៤ ភាគរយ ហើយមានតម្លៃរហូតដល់ ២១៥.០៤ ដុល្លារក្នុងមួយភាគហ៊ុន ដែលនាំឱ្យតម្លៃនៅលើទីផ្សាររបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះមានចំនួនសរុប ៣.២៩ ពាន់ពាន់លានដុល្លារ ។
ចំណែកក្រុមហ៊ុន Microsoft របស់លោកមហាសេដ្ឋី Bill Gates ដែលគ្រងតំណែងជាកំពូលក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកក្នុងរយៈពេល ៥ ខែ មានតម្លៃលើទីផ្សារបច្ចុប្បន្នសរុបត្រឹម ៣.២៤ ពាន់ពាន់លានដុល្លារប៉ុណ្ណោះ ។
ដោយឡែកពាក់ព័ន្ធនឹងដើមចមដែលទាញឱ្យក្រុមហ៊ុន Apple ឡើងគ្រងតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ក៏ដោយសារតែកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុនគឺលោក Tim Cook ប្រកាសពីដាក់ឱ្យប្រើប្រាស់មុខងារ AI នៅលើកម្មវិធី Siri ។
សូមជម្រាបថា ក្នុងរយៈពេល ៥ ខែក្នុងឆ្នាំ ២០២៤ នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ស្ទុះឡើងប្រហែល ១២ ភាគរយ ខណៈក្រុមហ៊ុន Microsoft កើនឡើង ១៦ ភាគរយ ចំណែកក្រុមហ៊ុនមេរបស់ Google គឺក្រុមហ៊ុន Alphabet ងើបដល់ ២៨ ភាគរយ ។
ស្របពេលជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ដែលធ្លាប់វ៉ាជែងក្រុមហ៊ុន Apple កាលពីសប្តាហ៍មុន គឺកើនឡើង ១៥៤ ភាគរយឯណោះ ខណៈក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បែរជាធា្លក់ចុះទៅវិញរហូតដល់ ៣០ ភាគរយ ៕
បកប្រែ ៖ ទីន