បន្ទាប់ពីមានកំណើនតិចតួចក្នុងរង្វង់ ១.៣% កាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចរបស់តៃវ៉ាន់ដែលជំរុញដោយការកើនឡើងនៃការនាំចេញបានងើបឡើងវិញនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ដោយមានការកើនឡើង ៦.៥% ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេលជិត ៣ឆ្នាំ។
សន្ទស្សន៍ផ្សារហ៊ុនក្រុមហ៊ុន Taiex របស់តៃវ៉ាន់បានកើនឡើងជិតមួយភាគបីចាប់តាំងពីចាប់ផ្តើមធ្វើការវ៉ាស់ស្ទង់ទ្រព្យសម្បត្តិចុងក្រោយកាលពី ១៤ខែមុន ដោយបានបង្កើនទ្រព្យសម្បត្តិរួមនៃអ្នកមានបំផុតទាំង ៥០របស់តៃវ៉ាន់ដល់ ១៧៥ ពាន់លានដុល្លារពី ១៥៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ទស្សនាវដ្តី Forbes បានរាយការណ៍ថា មហាសេដ្ឋីចំនួន ២៩នាក់របស់តៃវ៉ាន់បានកើនទ្រព្យសម្បត្តិគួរឱ្យកត់សម្គាល់នៅក្នុងលំដាប់កំពូល។ លោក Barry Lam ប្រធានក្រុមហ៊ុន Quanta Computer ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃ និងម៉ាស៊ីនមេ AI សម្រាប់ក្រុមហ៊ុន Apple និង Google បានជាប់ចំណាត់ថ្នាក់កំពូលជាលើកដំបូង។ ទ្រព្យសម្បត្តិសុទ្ធរបស់ Lam បានកើនឡើងទ្វេដងដល់ ១១.៧ ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាអ្នកមានកំពូល ខណៈដែលប្រាក់ចំណេញសុទ្ធរបស់ Quanta បានកើនឡើងច្រើនជាងមួយភាគបីដល់ ១.២ពាន់លានដុល្លារកាលពីឆ្នាំមុន។
ចំណែក បងប្អូនប្រុស Daniel និង Richard Tsai ដែលបានកាន់កាប់តំណែងកំពូលកាលពីឆ្នាំមុន បានធ្លាក់មកចំណាត់ថ្នាក់លេខ ២ បើទោះបីជាទ្រព្យសម្បត្តិរបស់ពួកគេកើនឡើង ២២% ដល់ ១០,៧ ពាន់លានដុល្លារក៏ដោយ។ អ្នកទាំងពីរកើបលុយបានពីបច្ចេកវិទ្យា Diamond Biofund ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីខែកញ្ញា។ ទន្ទឹមនឹងនេះ អាជីវកម្មម៉ាស៊ីនមេ AI ដែលកំពុងកើនឡើងបានជំរុញភាគហ៊ុននៅក្នុងក្រុមហ៊ុន Hon Hai Precision Industry បានជួយបន្ថែម ៣ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិរបស់ស្ថាបនិក Terry Gou ដែលឈរលេខរៀងទី៣ មានទ្រព្យសម្បត្តិចំនួន ១០.៤ ពាន់លានដុល្លារ។
បន្ថែមទៀតនោះក៏មានក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀតជាច្រើនបានចូលរួមចំណែកក្នុងការរីកចំរើនរបស់សេដ្ឋកិច្ចតៃវ៉ាន់ ។ បងប្អូនប្រុស Jason និង Richard Chang ដែលគ្រប់គ្រងក្រុមហ៊ុនដំឡើងឧបករណ៍អេឡិចត្រូនិក និងក្រុមហ៊ុន ASE Technology Holding បានកើនឡើងពី ១.៥ ពាន់លានដុល្លារដល់ ៧.៨ ពាន់លានដុល្លារ។ លោក Morris Chang ដែលជាស្ថាបនិកក្រុមហ៊ុន Taiwan Semiconductor Manufacturing បានរំកិលខ្លួនមកលេខរៀងទី១៦ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣.៣ ពាន់លានដុល្លារ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Forbes