ត្បិតថាសិង្ហបុរីមានមហាសេដ្ឋីដល់ទៅ ៣៩ រូបស្ថិតនៅក្នុងបញ្ជីអ្នកមាននៅលើពិភពលោករបស់ទស្សនាវដ្ដី Forbes ឆ្នាំ ២០២៤ នេះក៏ពិតមែន ប៉ុន្តែប្រិយមិត្តដឹងទេក្នុងចំណោម ៣៩ នាក់នោះ មានតែមហាសេដ្ឋី ៤ រូបប៉ុណ្ណោះមានវ័យមិនដល់ ៥០ ឆ្នាំនោះឡើយ ។
ថ្ងៃនេះសារព័ត៌មាន Millions Time នឹងលើកយកមហាសេដ្ឋីសិង្ហបុរីទាំង ៤ រូបដែលមានទ្រព្យសម្បតិ៍សរុបចំនួន ១០.៣ ពាន់លានដុល្លារ មកបង្ហាញជូនប្រិយមិត្ត ៖
១. លោក Kishin RK
លោក Kishin RK គឺជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតរបស់ប្រទេសសិង្ហបុរីដែលមានអាយុ ៤១ ឆ្នាំ ហើយ ។ លោកគឺជាកូនប្រុសសំណព្វចិត្តតែម្នាក់គត់របស់មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរី Raj Kumar ដែលមានវ័យ ៦៩ ឆ្នាំ ខណៈគិតត្រឹមថ្ងៃទី៦ ខែមិថុនា លោក Kishin មានទ្រព្យសម្បត្តិសុទ្ធចំនួន ១.៦ ពាន់លានដុល្លារ ។
នៅវ័យ ២៣ ឆ្នាំ លោក Kisin បានលក់ផ្ទះល្វែងមួយកន្លែងដែលឪពុកម្តាយផ្ដល់ឲ្យលោកដើម្បីចាប់ផ្ដើមជំនួញលើក្រុមហ៊ុនអចលនទ្រព្យ RB Capital ខណៈក្រៅពីកាន់កាប់ក្រុមហ៊ុនអចលនទ្រព្យនេះហើយ បុរសវ័យ ៤១ ឆ្នាំរូបនេះក៏គ្រប់គ្រងសណ្ឋាគារប្រណីត InterContinental Singapore Robertson Quay និង Holiday Inn Express Singapore Clarke Quay ផងដែរ ។
២. លោក Gang Ye
លោក Gang Ye គឺជាសហស្ថាបនិកមួយនៃក្រុមហ៊ុនហ្គេម និងពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Sea ដែលជាក្រុមហ៊ុនអនឡាញធំជាងគេនៅអាស៊ីអាគ្នេយ៍ បង្កើតឡើងក្នុងឆ្នាំ ២០០៩ ។
លោក Gang មានដើមកំណើតមកពីប្រទេសចិន បានបម្រើការជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ មុនពេលក្លាយជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Sea នៅថ្ងៃទី១៧ ខែមករា ខណៈទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណពីទ្រព្យសម្បត្តិរបស់លោកគិតត្រឹមថ្ងៃទី៦ ខែមិថុនា គឺមានចំនួន ២.៩ ពាន់លានដុល្លារ ។
៣. លោក Forrest Li
លោក Forrest Li កើតនៅប្រទេសចិន ក៏ជាសហស្ថាបនិកម្នាក់ទៀតរបស់ក្រុមហ៊ុន Sea ផងដែរ ហើយបានបម្រើការជាថៅកែ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ចាប់តាំងពីការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ២០០៩ មក ។
ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានបើកដំណើរការវេទិកា Shopee ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៥ ហើយវេទិកាមួយនេះក៏បានដាក់ឱ្យប្រើប្រាស់សេវាធនាគារឌីជីថលនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីនផងដែរ ។
ក្នុងឆ្នាំ ២០២១ លោក Li ត្រូវបានចាត់ថ្នាក់ជាបុគ្គលដែលមានបំផុតរបស់ប្រទេសសិង្ហបុរីនៅក្នុងបញ្ជីមហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៩.៨ ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីវ័យ ៤៦ ឆ្នាំរូបនេះបានបាត់បង់ទ្រព្យសម្បត្តិប្រមាណ ៨០ ភាគរយស្មើនឹងជាង ១ ពាន់ពាន់លានដុល្លារនៅក្នុងវិបត្តិទីផ្សារ ខណៈគិតត្រឹមថ្ងៃទី៦ ខែមិថុនា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Li មានចំនួន ៤.៥ ពាន់លានដុល្លារ ។
៤. លោក Min-Liang Tan
លោក Min-Liang Tan គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនហ្គេមយក្ស Razer ដែលបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ បន្ទាប់ពីបោះបង់អាជីពច្បាប់របស់គាត់ ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនវបានចុះបញ្ជីនៅទីក្រុងហុងកុងក្នុងឆ្នាំ ២០១៧ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣.២ ពាន់លានដុល្លារ ។
ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Razer បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៤៦ លានដុល្លារ និងប្រាក់ចំណូលចំនួន ១.៦ ពាន់លានដុល្លារ ខណៈគិតត្រឹមថ្ងៃទី៦ ខែមិថុនា ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីវ័យ ៤៦ ឆ្នាំរូបនេះមានចំនួន ១.៣ ពាន់លានដុល្លារ ៕
បកប្រែ ៖ ទីន