រយៈពេល ៥ ខែមកហើយ តារាងចំណាត់ថ្នាក់នៃកំពូលមហាសេដ្ឋីនៅលើពិភពលោកនៅតែក្ដោបក្ដាប់ដោយថៅកែក្រុមហ៊ុន LVMH គឺលោក Bernard Arnault ដដែល ខណៈតោងពីក្រោយដោយ CEO ក្រុមហ៊ុន Tesla និង Space X ។
គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ មហាសេដ្ឋីជនជាតិបារាំង វ័យ ៧៥ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិក្នុងដៃសុទ្ធប្រមាណ ២៣៣ ពាន់លានដុល្លារ ស្របពេលដែលមហាសេដ្ឋីអាមេរិក Elon Musk មានលុយត្រឹម ១៩៥ ពាន់លានដុល្លារប៉ុណ្ណោះ ។
ចំណែកចំណាត់ថ្នាក់ទី ៣ ធ្លាក់មកដល់ដៃថៅកែក្រុមហ៊ុនបច្ចេកវិទ្យា Amazon គឺលោក Jeff Bezos ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៩៤ ពាន់លានដុល្លារ ខណៈលំដាប់ទី ៤ នៅតែស្ថិតក្នុងដៃថៅកែក្រុមហ៊ុន Meta គឺលោក Mark Zuckerberg មានលុយសុទ្ធ ១៧៧ ពាន់លានដុល្លារ ។
ទន្ទឹមនោះ ចំណាត់ថ្នាក់ទី ៥ បានទៅលើលោក Larry Ellison ម្ចាស់ក្រុមហ៊ុន Oracle មានទឹកប្រាក់សរុប ១៤១ ពាន់លានដុល្លារ ហើយលេខ ៦ គឺលោក Warren Buffet ម្ចាស់ក្រុមហ៊ុនហិរញ្ញវត្ថុ និងវិនិយោគ Berkshire Hathaway មានទ្រព្យសម្បតិ្តសរុប ១៣៣ ពាន់លានដុល្លារ ។
អ្វីដែលជាការកត់សម្គាល់នោះ គឺលោកមហាសេដ្ឋី Bill Gates ផ្លោះពីចំណាត់ថ្នាក់ទី ៩ មកកាន់លំដាប់ទី ៧ ។ បច្ចុប្បន្ន ថៅកែក្រុមហ៊ុនបច្ចេកវិទ្យា Microsoft វ័យ ៦៨ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសរុបចំនួន ១២៨ ពាន់លានដុល្លារ ។
ដោយឡែកចំណាត់ថ្នាក់ទី ៨ គឺលោក Steve Ballmer មានទ្រព្យសម្បត្តិចំនួន ១២១ ពាន់លានដុល្លារ ខណៈលំដាប់ទី ៩ កាន់កាប់ដោយលោក Mukesh Ambani ជាជនជាតិឥណ្ឌាមានលុយសុទ្ធ ១១៦ ពាន់លានដុល្លារ និងចុងក្រោយចំណាត់ថ្នាក់លេខ ១០ គឺលោក Larry Page មានទឹកប្រាក់សរុបចំនួន ១១៤ ពាន់លានដុល្លារ ៕
បកប្រែ ៖ ទីន