ការនាំចេញទំនិញរបស់ចិននៅក្នុងខែឧសភាបានកើនឡើងយ៉ាងគំហុក បើទោះបីជាប្រទេសនេះកំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងវិបត្តិទីផ្សារអចលនទ្រព្យក្នុងស្រុកក៏ដោយ ។
ការនាំចេញបានកើនឡើង ៧.៦ ភាគរយក្នុងខែឧសភា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលឡើងដល់ទំហំទឹកប្រាក់ ៣០២.៣៥ ពាន់លានដុល្លារ ដែលជាល្បឿនលឿនបំផុតមួយ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ខណៈការនាំចូលវិញក៏កើនឡើងដូចគ្នាក្នុងចំនួន ១.៨ ភាគរយ ស្មើនឹង ២១៩.៧៣ លានដុល្លារ ។
ការនាំចេញដ៏រឹងមាំនេះបានធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនពង្រីកដល់ ៨២.៦២ ពាន់លានដុល្លារ ខណៈក្នុងខែមេសាមានត្រឹម ៧២.៣៥ ពាន់លានដុល្លារប៉ុណ្ណោះ ។
កំណើននៃការនាំចេញនេះបានកើតឡើង នៅពេលដែលប្រទេសចិនប្រឈមមុខនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ។ អាមេរិកកំពុងដំឡើងពន្ធលើរថយន្តអគ្គិសនីផលិតនៅប្រទេសចិន ខណៈដែលអឺរ៉ុបកំពុងពិចារណាដំឡើងពន្ធស្រដៀងគ្នានេះដែរ ។
សូមជម្រាបថា ចិនបាននឹងកំពុងព្យាយាមស្ដារសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ ក្រោយរោគរាតត្បាតកូវីដ ១៩ ស្របពេលដែលតម្រូវការជាសកលក៏កំពុងដាំក្បាលចុះក្រោមផង បន្ទាប់ពីធនាគារកណ្តាលអាមេរិក និងធនាគារផ្សេងទៀតបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ៕
បកប្រែ ៖ ទីន