មហាសេដ្ឋីជនជាតិអាមេរិកដល់ទៅ ៨ រូបសុទ្ធសឹងតែស្ថិតនៅលំដាប់ក្រោមលោកមហាសេដ្ឋីជនជាតិបារាំង Bernard Arnault ពោលមិនអាចទាញទម្លាក់ថៅកែក្រុមហ៊ុន LVMH រូបនេះឱ្យជ្រុះចេញពីកំពូលអ្នកមានជាងគេនៅលើពិភពលោកបានឡើយ ។
មហាសេដ្ឋីដូចជា Elon Musk, Jeff Bezos, Mark Zuckerberg, Larry Ellison, Warren Buffett, Bill Gates, Steve Ballmer និងលោក Larry Page គឺជាអ្នកមានៗប្រាក់វាល់លានទាំង ៨ រូបរបស់អាមេរិក ប៉ុន្តែបានត្រឹមតោងពីក្រោយលោក Bernard Arnault ដែលជាជនជាតិបារាំងតែម្នាក់គត់ស្ថិតនៅលំដាប់កំពូលទាំង ១០ ក្នុងតារាងអ្នកមានរបស់ទស្សនាវដ្ដី Forbes ។
បច្ចុប្បន្នលោក Bernard Arnault ដែលជានាយកប្រតិបត្តិ និងជាថៅកែក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនទំនិញប្រណីតដ៏ធំបំផុតរបស់ពិភពលោកបន្តឈរនៅតំណែងកំពូលជាអ្នកមានបំផុតតាំងតែពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មកម្ល៉េះ ។
ថៅកែក្រុមហ៊ុន LVMH របស់បារាំងរូបនេះមានទ្រព្យសម្បត្តិក្នុងដៃរហូតដល់ ២៣៣ ពាន់លានដុល្លារឯណោះ ខណៈក្រុមហ៊ុននេះមានផលិតផលប្រណីតៗជាង ៧០ ផលិតផល រួមទាំងប្រេនល្បីៗដូចជា Louis Vuitton, Christian Dior, Moet & Chandon, Sephora, និង Tiffany & Co. ផងដែរ ៕
បកប្រែ ៖ ទីន