មហាសេដ្ឋីអាមេរិកមួយរូបចង់ចុះទៅមើលខ្មោចកប៉ាល់ទីតានិក មិនខ្លាចផ្ទុះដូចយាន Titan

មហាសេដ្ឋីអាមេរិកមួយរូបចង់ចុះទៅមើលខ្មោចកប៉ាល់ទីតានិក មិនខ្លាចផ្ទុះដូចយាន Titan

មហាសេដ្ឋីអចលនទ្រព្យអាមេរិកមួយរូបប្រកាសផែនការធ្វើដំណើរទៅមើលខ្មោចកប៉ាល់ទីតានិកនៅបាតសមុទ្រសាជាថ្មីម្ដងទៀត បន្ទាប់ពីមនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងសោកនាដកម្មផ្ទុះយានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate កាលពីខែមិថុនាឆ្នាំមុន ។

លោក Larry Connor កំពុងសហការជាមួយលោក Patrick Lahey សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Triton Submarines សម្រាប់ដំណើរកម្សាន្តថ្មីទៅកាន់ខ្មោចកប៉ាល់ទីតានិក ក្រោយមហាសេដ្ឋីអចលនទ្រព្យអាមេរិកមួយនេះជោគជ័យលើការផលិតនាវាមុជទឹក ហើយក៏ធ្លាប់បានចុះទៅបាតមហាសមុទ្រផងដែរ ។

លោក Lahey បានប្រាប់កាសែត Wall Street Journal ថា ពីរបីថ្ងៃបន្ទាប់ពីសោកនាដកម្មរបស់ក្រុមហ៊ុន OceanGate, លោកបានទទួលការហៅទូរស័ព្ទពីលោក Connor ឱ្យបង្កើតបេសកកម្មមួយទៀតដើម្បីចុះទៅមើលខ្មោចកប៉ាល់ទីតានិក ដែលមានសុវត្ថិភាពជាងយាន Titan ។

យោងតាមសារព័ត៌មាន ​​BBC បានឲ្យដឹងថា លោក Connor និង Lahey គ្រោងនឹងប្រើប្រាស់យានជ្រមុជទឹកដែលខ្លួនផលិតឡើងដោយជោគជ័យនេះចុះទៅបាតសមុទ្រ ។ យាននេះដាក់មនុស្សបាន ២ នាក់ផលិតឡើងពីសារធាតុ Acrylic និងមានសមត្ថភាពចុះទៅដល់ជម្រៅ ៣,៩០០ ពាន់ម៉ែត្រដោយសុវត្ថិភាព ខណៈបំណែកនៃខ្មោចកប៉ាល់ទីតានិកនៅជម្រៅ ៣,៨០០ ម៉ែត្រក្រោមបាតសមុទ្រ ។

សូមជម្រាបថា លោក Connor ដែលជាថៅកែក្រុមហ៊ុនវិនិយោគអគារផ្ទះល្វែង The Connor Group មានទ្រព្យសម្បត្តិប្រមាណ ២ ពាន់លានដុល្លារ ហើយមហាសេដ្ឋីរូបនេះក៏ធ្លាប់ចុះទៅផ្នែកជ្រៅៗនៃមហាសមុទ្រ និងហោះទៅលំហអាកាសផងដែរ ៕

តាមដានជាមួយយើង៖ Million Times
ខ្មោចកប៉ាល់ទីតានិកនៅបាតសមុទ្រ
យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate