មហាសេដ្ឋីឥណ្ឌាមួយរូបគ្រងតំណែងជាអ្នកមានជាងគេបំផុតនៅអាស៊ី

មហាសេដ្ឋីឥណ្ឌាមួយរូបគ្រងតំណែងជាអ្នកមានជាងគេបំផុតនៅអាស៊ី

មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ស្ថាបនិកក្រុមហ៊ុន Adani Group បានវ៉ាដាច់ម្ចាស់ក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ពិភពលោក Reliance Industries ដែលមានមូលដ្ឋាននៅទីក្រុងបុមបៃគឺលោក Mukesh Ambani ក្លាយជាអ្នកមានបំផុតប្រចាំនៅទ្វីបអាស៊ី ។

បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទ លោក Adani មានទ្រព្យសម្បត្តិសុទ្ធ ១១១ ពាន់លានដុល្លារ ខណៈមហាសេដ្ឋី Mukesh Ambani ដែលក៏ជាជនជាតិឥណ្ឌាផងដែរនោះ មានទ្រព្យសម្បត្តិ ១០៩ ពាន់លានដុល្លារ ។

កាសែត The Economic Times បានរាយការណ៍ថា ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Adani Group បានហក់ឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីផែនការពង្រីកក្រុមហ៊ុនរួមទាំងការចំណាយដើមទុនចំនួន ៩០ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ។

ទន្ទឹមនឹងនេះ គ្រាន់តែក្នុងមួយខែមីនា ក្រុមហ៊ុន Adani Group កើបប្រាក់ចំណេញបានរហូតដល់ ៥៥ ភាគរយក្នុងទំហំទឹកប្រាក់ ៣.៧ ពាន់លានដុល្លារ ខណៈចំណូលយ៉ាងពេញដៃនេះហើយទើបរុញឱ្យលោក Adani ហក់ឡើងលំដាប់កំពូលជាអ្នកមានជាងគេនៅអាស៊ី ។

សូមជម្រាបថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Adani បានកើនឡើង ៣១.៨ ភាគរយនៅឆ្នាំនេះ ប៉ុន្តែមិនទាន់ដល់កម្រិតកាលពីខែកញ្ញា ឆ្នាំ ២០២២ នៅឡើយទេ ពោលអំឡុងពេលនោះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះមានរហូតដល់ ១៤៨ ពាន់លានដុល្លារឯណោះ ៕

តាមដានជាមួយយើង៖ Million Times
លោក Gautam Adani
លោក Mukesh Ambani

បកប្រែ ៖ ទីន