តំណាងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីរបស់វៀតណាមបាននិយាយថា ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារ Agribank នឹងលក់មាសទៅឱ្យអតិថិជនដោយមិនទទួលយកប្រាក់ចំណេញដើម្បីរក្សាទីផ្សារតម្លៃមាសមិនឱ្យឡើងថ្លៃ ។
នាយកប្រតិបត្តិធនាគារជាតិវៀតណាម (SBV) លោក Le Ngoc Lam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធនាគារ BIDV នឹងចាប់ផ្តើមលក់មាសដុំនៅតាមទីតាំងរបស់ខ្លួនក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញចាប់ពីថ្ងៃទី៣ ខែមិថុនាតទៅ ហើយក្រោយមកនឹងពង្រីកការលក់ទៅកាន់តំបន់ផ្សេងទៀតដូចជា ទីក្រុង Da Nang ទីក្រុង Can Tho និងទីក្រុង Ba Ria Vung Tau ។
លោក Lam បាននិយាយថា ទោះយ៉ាងណា តម្លៃនេះនឹងអាស្រ័យលើតម្លៃដែលដាក់ចេញមកដោយធនាគារជាតិវៀតណាម ហើយគោលដៅគឺកាត់បន្ថយគម្លាតរវាងអត្រាការប្រាក់ក្នុងស្រុក និងអន្តរជាតិ ហើយរាល់ការទិញមាស ធនាគារក៏ត្រូវមានវិធានការណ៍ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកទិញដើម្បីបញ្ចៀសការលាងលុយកខ្វក់ ។
លោកបានបន្ថែមទៀតថា ធនាគារ SBV ក៏នឹងមិនរឹតត្បិតណាស់ណាចំពោះបុគ្គលដែលចង់ទិញមាសនោះទេ ប៉ុន្តែហាមឃាត់ចំពោះការទិញមាសនេះហើយ បន្តលក់ទៅឱ្យអតិថិជនផ្សេងទៀតដើម្បីធ្វើជាអាជីវកម្មយកប្រាក់ចំណេញ ។
សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនលក់មាសធំបំផុតរបស់វៀតណាមគឺ Saigon Jewelry (SJC) ដាក់លក់មាសដុំក្នុងតម្លៃប្រមាណ ៨៨ លានដុង (៣,៤៥៦ ដុល្លារ) ក្នុងមួយតម្លឹង ខណៈមាសពិភពលោកមានតម្លៃជាង ២,៣០០ ដុល្លារប៉ុណ្ណោះក្នុងមួយតម្លឹង ៕
បកប្រែ ៖ ទីន