គណៈកម្មាធិការប្រតិបត្តិនៃមូលនិធិប្រេងឥន្ធនៈរបស់ប្រទេសថៃបានយល់ព្រមដំឡើងថ្លៃប្រេងម៉ាស៊ូតដោយដាក់លក់ក្នុងតម្លៃ ៣២.៩៤ បាត (០.៨៩ ដុល្លារ) ក្នុងមួយលីត្រ ចាប់ពីថ្ងៃសុក្រ ទី៣១ ខែឧសភានេះតទៅ ។
ចំណែកតម្លៃប្រេងសាំងធម្មតានៅប្រទេសថៃដាក់លក់តម្លៃ ៣៧.៧៨ បាត (១.០២ ដុល្លារ) ក្នុងមួយលីត្រ ខណៈតម្លៃសាំងស៊ុបពែរលក់ ៣៨.១៥ បាត (១.០៣) ក្នុងមួយលីត្រ ។
លោក Wisak Watanasap ប្រធានការិយាល័យមូលនិធិប្រេងឥន្ធនៈបាននិយាយថា ការកើនឡើងតម្លៃប្រេងនៅពេលនេះគឺជាការឆ្លុះបញ្ចាំងពីការប្រែប្រួលនៃតម្លៃប្រេងពិភពលោក ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់ហ្គាហ្សា ។
លោកបានពន្យល់ទៀតថា ប្រសិនបើស្ថានភាពលើពិភពលោកនៅតែបន្តបែបនេះទៀតនោះ តម្លៃប្រេងសាំងនៅក្នុងប្រទេសយើងក៏នឹងប្រែប្រួលទៅតាមភាពជាក់ស្ដែងផងដែរ ប៉ុន្តែរដ្ឋាភិបាលនឹងព្យាយាមសម្របសម្រួលតម្លៃណាមួយឱ្យប្រជាពលរដ្ឋទទួលយកបាន ។
សូមជម្រាបថា តម្លៃប្រេងក្នុងតំបន់អាស៊ីកាលពីដើមសប្ដាហ៍នេះបានហក់ឡើងថ្លៃលើសពីការរំពឹងទុកផងដែរ ដោយសារតែតម្រូវការប្រេងឥន្ធនៈយ៉ាងគំហុកពីសហរដ្ឋអាមេរិក និងមុនពេលសេចក្ដីសម្រេចនៃគោលនយោបាយទិន្នផលរបស់អង្គការនាំចេញប្រេង OPEC+ ក្នុងកិច្ចប្រជុំនាថ្ងៃទី២ ខែមិថុនាខាងមុខ ៕
បកប្រែ ៖ ទីន