លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅពេលដែលគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កបានរកឃើញថា លោកមានពិរុទ្ធពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការចាយប្រាក់បំបិទមាត់ ដែលពាក់ព័ន្ធនឹងផែនការដែលសង្ស័យថាដើម្បីបិទបាំងរឿងរ៉ាវដែលអាចប៉ះពាល់ដល់ការស្វែងរកសំឡេងគាំទ្រដើម្បីតំណែងប្រធានាធិបតីកាលពីឆ្នាំ ២០១៦។ នេះបើយោងតាមសារព័ត៌មាន Reuters ។
បន្ទាប់ពីការពិភាក្សារយៈពេលពីរថ្ងៃ គណៈវិនិច្ឆ័យដែលមានសមាជិក ១២នាក់បានប្រកាសថា លោក ត្រាំ មានពិរុទ្ធលើបទឧក្រិដ្ឋទាំង ៣៤ដែលលោកបានប្រឈម។ ក្នុងពេលសវនាការនោះ លោក ត្រាំ បានសំឡឹងមើលទៅកាន់ក្រុមចៅក្រមដោយមិនសប្បាយចិត្ត នៅពេលដែលសាលក្រមត្រូវបានប្រកាសជាឯកច្ឆ័ន្ទ។
ចៅក្រមលោក Juan Merchan បានធ្វើការកំណត់ការកាត់ទោសនៅថ្ងៃទី១១ ខែកក្កដា ខាងមុខ គឺប៉ុន្មានថ្ងៃមុនគណបក្សសាធារណរដ្ឋគ្រោងនឹងតែងតាំងលោក ត្រាំ ជាផ្លូវការជាប្រធានាធិបតីមុនការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
គណៈវិនិច្ឆ័យបានប្រកាសសាលក្រមនេះ មុនការបោះឆ្នោតខែវិច្ឆិកាមកដល់ នៅពេលដែល ត្រាំ នឹងព្យាយាមឈ្នះលើលោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីអាមេរិកមកវិញ។ លោក ត្រាំ មានវ័យ ៧៧ឆ្នាំបានបដិសេធថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយបានប្រកាសថាលោកមិនមានពិរុទ្ធភាពចំពោះបទចោទទាំង ៣៤ ករណី លើការក្លែងបន្លំឯកសារធ្វើជំនួញនោះឡើយ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចេញសាលគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កថា “នេះគឺជាការអាម៉ាស់មួយ” នៅពេលដែលលោកបានប្រកាសពីភាពគ្មានកំហុស ហើយបានប្រកាសម្តងហើយម្តងទៀតថាការកាត់ក្តីត្រូវបានចោទប្រកាន់ប្រឆាំងនឹងលោកទាំងស្រុង។
សូមជម្រាបថា សំណុំរឿងព្រហ្មទណ្ឌនៃការក្លែងបន្លំឯកសារអាជីវកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមាចំនួន ៤ឆ្នាំ ទោះបីជាអ្នកដែលត្រូវបានកាត់ទោសជាញឹកញាប់ទទួលបានទោសខ្លីជាងការផាកពិន័យ ឬការព្យួរទោសក៏ដោយ។ ការជាប់ឃុំមិនបានរារាំងផ្លូវច្បាប់ពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឬការចូលកាន់តំណែងប្រសិនបើលោក ត្រាំ ឈ្នះឆ្នោត។
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters