អ៊ុយក្រែនយកដំឡូងក្តៅឲ្យកម្ពុជាភ្លក្ស

អ៊ុយក្រែនយកដំឡូងក្តៅឲ្យកម្ពុជាភ្លក្ស

ក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងប្រធានព្រឹទ្ធសភានៃប្រទេសទាំងពីរ អ៊ុយក្រែនបានប្រគល់ដំឡូងក្តៅឲ្យកម្ពុជាភ្លក្ស ខណៈដែលភាគីកម្ពុជាទទួលយកដោយការទូតត្រជាក់ក្នុងន័យទទួលផង និងបដិសេដផង។

កាលរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជួបសន្ទនាជាមួយ លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនោះ ប្រធានសភាអ៊ុយក្រែនបានប្រគល់ដំឡូងក្តៅចំនួន៣ដុំជូនសម្តេចតេជោ ហ៊ុន សែន ទី១)ប្រទេសអ៊ុយក្រែនបានលើក១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និង សន្តិភាព និងអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ។ ជាមួយគ្នានេះដែរ នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយលោករំពឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាកូនប្រុសរបស់សម្ដេចតេជោ នឹងអាចចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានសារៈសំខាន់សម្រាប់អ៊ុយក្រែន និងពិភពលោក ។ 

ទី២)ការដោះមីន នៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ហើយកម្ពុជាគឺមានបទពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបានក្នុងការដោះមីន។ ចំនុចនេះ  លោកស្នើសុំការគាំទ្រពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា និង ទន្ទឹងរងចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ។

ទី៣) ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន  ប្រធានសភាអ៊ុយក្រែន បានអញ្ជើញសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និង សុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិង សូមគោរពអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន។ 

ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច នឹងយករូបមន្ត១០ចំណុច ទៅពិចារណា។  ចំណែកការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី។

សម្តេចតេជោ ក៏បានជម្រាបប្រធានសភាអ៊ុយក្រែនថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជា ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ។ 

ពាក់ព័ន្ធនឹងបញ្ហាមីននៅអ៊ុយក្រែន ប្រធានសភាអ៊ុយក្រែនបានស្នើឱ្យមានអ្នកដោះមីនកម្ពុជា ទៅជួយនៅអ៊ុយក្រែន ។ សម្តេចបានមានប្រសាសន៍ថា សម្តេចមានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសាររដ្ឋធម្មនុញកម្ពុជាមិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីននៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ។ កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន ។ សម្តេចបានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន។ 

ចំពោះការអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានមានប្រសាសន៍ សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេចតេជោ