ប្រទេសចិនបានវ៉ាដាច់កូរ៉េខាងត្បូងឡើងក្លាយជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់វៀតណាមនៅក្នុងខែឧសភាដោយមានការហោះហើរមកដល់ចំនួន ៣៥៧,៩០៧ នាក់ ឬជិត ៤០ ភាគរយ ខណៈសរុបភ្ញៀវអន្តរជាតិទាំងអស់ដែលមកវៀតណាមមានចំនួន ១.៣៨ លាននាក់ កើនឡើង ៥១ ភាគរយ ប៉ុន្តែធ្លាក់ចុះ ១០ ភាគរយ បើប្រៀបធៀបនឹងខែមេសា ។
នេះជាលើកទីមួយហើយដែលចិនទទួលបានឋានៈជាទីផ្សារទេសចរណ៍ធំបំផុត ចាប់តាំងពីប្រទេសនេះបានបើកព្រំដែនឡើងវិញក្នុងខែមីនា ឆ្នាំ២០២២ ខណៈមុនពេលជំងឺរាតត្បាតកូវីដ ១៩ ប្រទេសចិនក៏ធ្លាប់ជាប្រភពភ្ញៀវទេសចរណ៍កំពូលរបស់វៀតណាមផងដែរ ប៉ុន្តែបានធ្លាក់តំណែងទៅកូរ៉េខាងត្បូង ដោយសារតែការបិទខ្ទប់ប្រទេស ។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា នៅក្នុងខែឧសភា ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ២ មានភ្ញៀវទេសចរមកកាន់វៀតណាមចំនួន ៣៥១,០០០ នាក់ បន្ទាប់មកគឺតៃវ៉ាន់ ១១០,០០០ នាក់, ជប៉ុន ៥៣,០០០ នាក់ និងសហរដ្ឋអាមេរិក ៤៨,០០០ នាក់ ។
បច្ចុប្បន្នបណ្ដាប្រទេសអាស៊ីអាគ្នេយ៍កំពុងព្យាយាមផ្ដល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពីប្រទេសចិន ដោយសារតែចិនជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក ខណៈថៃបានចាប់ផ្ដើមអនុវត្តផែនការនេះតាំងតែពីខែមីនាមកម្ល៉េះ ។
ដោយឡែក ប្រទេសម៉ាឡេស៊ីក៏បានផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនរយៈពេល ៣០ ថ្ងៃផងដែរ ចាប់តាំងពីខែធ្នូឆ្នាំ ២០២៣ ហើយសិង្ហបុរីបានក៏ធ្វើដូចគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ៕