តម្លៃប្រេងនៅតំបន់អាស៊ីឡើងថ្លៃលើសការរំពឹងទុក

តម្លៃប្រេងនៅតំបន់អាស៊ីឡើងថ្លៃលើសការរំពឹងទុក

តម្លៃប្រេងក្នុងតំបន់អាស៊ីនៅថ្ងៃអង្គារនេះបានហក់ឡើងលើសពីការរំពឹងទុក ដោយសារតែតម្រូវការប្រេងឥន្ធនៈយ៉ាងគំហុកពីសហរដ្ឋអាមេរិក និងមុនពេលសេចក្ដីសម្រេចនៃគោលនយោបាយទិន្នផលរបស់អង្គការនាំចេញប្រេង OPEC+ ក្នុងកិច្ចប្រជុំនាថ្ងៃទី២ ខែមិថុនាខាងមុខ ។

តម្លៃប្រេងឆៅរបស់ក្រុមហ៊ុនឈ្មោះ Brent បានកើនឡើង ៦ សេន លក់ក្នុងតម្លៃ ៨៣.១៦ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) កើនថ្លៃ ១.០៨ ដុល្លារ ឬ ១.៣៩ ភាគរយ លក់ក្នុងតម្លៃ ៧៨.៨០ ដុល្លារក្នុងមួយបារ៉ែល ។

តម្លៃប្រេងបានកើនឡើងជាង ១ ភាគរយនៅក្នុងការជួញដូរកាលពីថ្ងៃចន្ទ ដោយសារតែថ្ងៃឈប់សម្រាកនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ស្របពេលដែលវិនិយោគិនក៏កំពុងរង់ចាំការបន្ថូរបន្ថយអត្រាការប្រាក់នៅអាមេរិកដើម្បីជួយសម្រួលដល់អតិផរណា ។

លោក Satoru Yoshida អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Rakuten Securities បាននិយាយថា “តម្លៃប្រេងនឹងកើនឡើងខ្ពស់បន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារការរំពឹងទុកជាបន្តលើការកាត់បន្ថយទិន្នផលពីប្រទេសផលិតប្រេង និងការកើនឡើងនៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក” ។

ចំណែកទាក់ទិននឹងការឡើងតម្លៃប្រេងនេះដែរ ក៏ដោយសារតែក្រុមប្រទេសនាំចេញប្រេង OPEC+ នៅតែបន្តកាត់បន្ថយទិន្នផលប្រេងចំនួន ២.២ លានបារ៉ែលក្នុងមួយថ្ងៃដល់ដាច់ឆ្នាំ ២០២៤ នេះ ៕

តាមដានជាមួយយើង៖ Million Times
ក្រុមប្រទេសនាំចេញប្រេង OPEC

បកប្រែ ៖ ទីន