ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានប្រកាសប្រមូលរថយន្តម៉ូដែល VF e34, VF 5 Plus, VF 6 Plus, VF 8 និង VF 9 សរុបចំនួន ២,០៩៧ គ្រឿងចូលមកក្នុងប្រទេសមកវិញ ដើម្បីពិនិត្យ និងប្ដូរគ្រឿងបន្លាស់រហូតដល់ថ្ងៃទី១០ ខែកក្កដា ។
យោងតាមក្រុមហ៊ុន VinFast បានឱ្យដឹងថា រថយន្តប្រភេទ VF e34 ចំនួន ២៣ គ្រឿង និង VF 5 Plus ចំនួន ១៣១ គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយសារតែបញ្ហារលុងខ្ចៅមួលបណ្ដាលឲ្យជ្រាបទឹក ខណៈក្រុមហ៊ុននឹងចំណាយពេល ៤ ម៉ោងដើម្បីជួសជុល និងកែកុនក្នុងរថយន្តមួយគ្រឿងៗ ។
សម្រាប់ម៉ូដែល VF 6 Plus ផលិតនៅចន្លោះថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំនេះ អាចប្រេះនៅលើបំពង់បង្ហូរប្រេងហ្វ្រាំងដែលអាចបណ្តាលឲ្យលេចធ្លាយ និងហូរប្រេងហ្វ្រាំង ខណៈក្រុមហ៊ុនរំពឹងជួសជុល និងកែកុនក្នុងរយៈពេល ២ ម៉ោងក្នុងឡានមួយគ្រឿងៗ ។
លើសពីនេះទៅទៀតរថយន្តម៉ូដែល VF 8 ចំនួន ១,១៣៤ គ្រឿង និង VF 9 ទាំងម៉ូដែល Eco និង Plus ដែលផលិតនៅចន្លោះខែសីហា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៤ ត្រូវបានប្រមូលមកវិញ ដោយសារតែបញ្ហាការដំឡើងពោងសុវត្ថិភាពមិនត្រឹមត្រូវ ។
បន្ទាប់ពីរថយន្តទាំងនេះត្រូវបានបើកបរក្នុងចម្ងាយប្រហែល ១០,០០០ គីឡូម៉ែត្រ អេក្រង់នៅក្នុងរថយន្តនឹងបង្ហាញការព្រមានអំពីបញ្ហាពោងសុវត្ថិភាពដែលតម្រូវឲ្យយើងត្រួតពិនិត្យ ហើយប្រសិនបើយានជំនិះបំពាក់ពោងសុវត្ថិភាពខុសស្ដង់ដានោះ ពោងសុវត្ថិភាពនឹងមិនផ្ទុះប៉ោងឡើយក្នុងករណីមានការបុក ឬប៉ះទង្គិចអ្វីមួយ ។
សូមជម្រាបថា ការប្រកាសប្រមូលថយន្តមកវិញរបស់ក្រុមហ៊ុន VinFast ដើម្បីកែកុនកំហុសខុសឆ្គងនេះមិនមែនជារឿងថ្មីឡើយសម្រាប់ក្រុមហ៊ុន ប៉ុន្តែនេះជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះអតិថិជន និងផលិតផលរបស់ពួកគេ ៕
បកប្រែ ៖ ទីន