ថៅកែក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានថ្លែងអំណរគុណដល់បុគ្គលិករបស់ក្រុមហ៊ុនដែលបានខិតខំប្រឹងប្រែងរបស់ពួកគេ បន្ទាប់ពីឧប្បត្តិហេតុមានចលាចលយ៉ាងធ្ងន់ធ្ងរ ដែលបុរសជនជាតិអង់គ្លេសម្នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។
លោក Goh Choon Pong បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន BBC ថា៖ «រយៈពេល៥ថ្ងៃចុងក្រោយនេះមានការខិតខំយ៉ាងខ្លាំងសម្រាប់អ្នករាល់គ្នានៅក្រុមហ៊ុន Singapore Airlines»។ សារនេះកើតឡើងបន្ទាប់ពីជើងហោះហើរ SQ321 ពីទីក្រុងឡុងដ៍ ទៅកាន់ប្រទេសសិង្ហបុរី បានបង្វែរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីឧប្បត្តិហេតុនៅលើមហាសមុទ្រឥណ្ឌាកាលពីថ្ងៃទី ២១ ឧសភា។ យន្តហោះ Boeing B777-ER ត្រូវបានហោះហើរត្រឡប់ទៅប្រទេសសិង្ហបុរីវិញកាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍របស់លោក Goh បាននិយាយថា “ភាពរហ័សរហួន ការលះបង់ និងស្មារតីក្រុមរបស់យើងត្រូវបានបង្ហាញឱ្យឃើញក្នុងអំឡុងពេលនេះ” ។ លោកបានបន្ថែមថា “តាងនាមក្រុមប្រឹក្សាភិបាល [អាកាសចរណ៍សិង្ហបុរី] និងគណៈគ្រប់គ្រងទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត” ។
សូមជម្រាបថា ជើងហោះហើរ SQ321 បានបង្វែរទិសដៅទៅកាន់ទីក្រុងបាងកក កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយសារតែមានអាសន្នផ្នែកវេជ្ជសាស្ត្រ ដោយមានអ្នកដំណើរចំនួន ២១១នាក់ និងសមាជិកនាវិក ១៨នាក់នៅលើយន្តហោះ។ ក្នុងហេតុការណ៍នោះបណ្តាឲ្យជនជាតិអង់គ្លេសម្នាក់បានស្លាប់ គឺលោក Geoff Kitchen អាយុ ៧៣ឆ្នាំដោយសារការគាំងបេះដូងបន្ទាប់ពីយន្តហោះបានបុកដោយភាពច្របូកច្របល់ខណៈមនុស្សជាង ១០០នាក់ផ្សេងទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋធានីប្រទេសថៃ។ អ្នកដំណើរ និងនាវិកដែលមិនរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុនោះ ត្រូវបានហោះហើរទៅកាន់ប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃបន្ទាប់។
សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា ក្រុមហ៊ុនអាកាសចរណ៍កំពុងបន្តជួយដល់អ្នកដំណើរ និងបុគ្គលិកដែលរងរបួស ហើយលោក Goh បានទៅកាន់មន្ទីរពេទ្យដោយផ្ទាល់កាលពីសប្តាហ៍មុន។ ក្នុងវីដេអូមួយថ្ងៃក្រោយឧបទ្ទវហេតុ លោក Goh បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសាររបស់ Mr Kitchen និងសូមអភ័យទោសចំពោះអ្នកដែលរងគ្រោះ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់នៃសពផងដែរ ដោយបន្ថែមថា ប្រទេសរបស់លោក «កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ»។ លោកបាននិយាយថា ការិយាល័យស៊ើបអង្កេតសុវត្ថិភាពដឹកជញ្ជូនរបស់សិង្ហបុរីនឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើឧបទ្ទវហេតុនេះ។
គ្រោះថ្នាក់ដែលទាក់ទងនឹងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីគឺកម្រណាស់ ដោយក្រុមហ៊ុនអាកាសចរណ៍នេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោក។ ឧបទ្ទវហេតុចុងក្រោយបំផុតបានកើតឡើងក្នុងឆ្នាំ២០០០នៅពេលដែលយន្តហោះ Boeing 747 បានធ្លាក់ខណៈពេលព្យាយាមហោះចេញពីផ្លូវរត់ខុសនៅឯអាកាសយានដ្ឋានតៃវ៉ាន់ ដែលមានមនុស្ស ៨៣នាក់ក្នុងចំណោម ១៧៩នាក់នៅលើយន្តហោះត្រូវបានស្លាប់៕
អត្ថបទ៖សារ៉ាយ រូបភាព៖ BBC