នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានប្រាប់ប្រធានក្រុមហ៊ុន Samsung លោក Jay Y. Lee កាលពីថ្ងៃអាទិត្យថា ប្រទេសចិនស្វាគមន៍ការដាក់ទុនវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុនកូរ៉េមួយនេះ ខណៈដែលអាជីវកម្មបរទេសផ្សេងទៀតនៅក្នុងទីផ្សារចិនស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែកត្តាភូមិសាស្ត្រនយោបាយ ។
ក្រុមហ៊ុន Samsung Electronics ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ បានបណ្តាក់ទុនវិនិយោគចំនួន ២៤ ពាន់លានដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។ នេះបើតាមការដកស្រង់សម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែវិច្ឆិកា និងចុះផ្សាយដោយសារព័ត៌មានរដ្ឋ China Daily ។
ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េមួយនេះបានមើលឃើញថា អាជីវកម្មរបស់ខ្លួនប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងឡើង ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសការគ្រប់គ្រងការនាំចេញដែលទីក្រុងវ៉ាស៊ីនតោនបានកាត់ផ្តាច់ការចូលប្រើប្រាស់របស់ប្រទេសចិនចំពោះបន្ទះឈីបទំនើបៗ ។
ជំនួបនៅទីក្រុងសេអ៊ូលរវាងមន្ត្រីជាន់ខ្ពស់ទី ២ របស់ប្រទេសចិន និងនាយកប្រតិបត្តិកូរ៉េបានធ្វើឡើង នៅមុនកិច្ចប្រជុំកំពូលរវាងលោកនាយករដ្ឋមន្ត្រី Li Qiang ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ហើយនេះក៏ជាកិច្ចចរចាត្រីភាគីលើកដំបូងផងដែររវាងប្រទេសជិតខាងអាស៊ីទាំងបីក្នុងរយៈពេលជាង ៤ ឆ្នាំមកនេះ ។
សូមជម្រាបថា លើកចុងក្រោយដែលមេដឹកនាំនៃប្រទេសទាំងបីបានជួបគ្នាគឺនៅឆ្នាំ ២០១៩ ហើយការខកខានកន្លងមកនេះ គឺដោយសារតែជំងឺរាតត្បាតកូវីដ ១៩ រួមជាមួយជម្លោះការទូត និងប្រវត្តិសាស្ត្ររវាងកូរ៉េខាងត្បូង និងអតីតមេដឹកនាំអាណានិគមជប៉ុន ៕
បកប្រែ ៖ ទីន