នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសចិន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីគោលការណ៍របស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» និងចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។
ការគូសបញ្ជាក់នេះ ស្របពេលដែលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន តបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោក សុខ ចិន្តាសោភា និងលោក វ៉ាង យី បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម ហើយបានអះអាងជាថ្មី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមាន៖ អាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងថ្នាក់ដឹកនាំចិនបានវាយតម្លៃខ្ពស់ចំពោះកំណើន ភាពរឹងមាំនៃចំណងមិត្តភាពដែកថែប ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកទឹកចិត្តតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ហើយបានឯកភាពបន្តជំរុញឲ្យកាន់តែច្រើន និងជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។
ថ្នាក់ដឹកនាំចិន បានសង្កត់ធ្ងន់អំពីការបន្តគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេស ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងការដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ។ ចំណែកលោក សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» និងចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ព្រមទាំងបន្តគាំទ្រតួនាទីកាន់តែសកម្មរបស់ចិន ក្នុងកិច្ចការអន្តរជាតិ។
ភាគីទាំងពីរ កម្ពុជា-ចិន បានទទួលស្គាល់សារៈសំខាន់ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាវប្បធម៌និងវប្បធម៌ និងបានឯកភាពគ្នាសហការជិតស្និទ្ធ ក្នុងការបង្កើនការផ្លាស់ប្តូរនេះ ជាពិសេសក្នុងចំណោមយុវជន៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស