យោងតាមការស្ទង់មតិនាពេលថ្មីៗនេះដោយវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរីដែលបានសួរនាំអ្នកសេដ្ឋកិច្ចជិត ២,០០០ នាក់មកពីប្រទេសអាស៊ានទាំង ១០ បានកំណត់ថា ប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ ។
ប្រទេសអាស៊ានដែលកំណត់ថា ចិនជាមហាអំណាចសេដ្ឋកិច្ចនាំមុខគេក្នុងតំបន់មានឡាវ ៧៨ ភាគរយ, ថៃ ៧១ ភាគរយ, ម៉ាឡេស៊ី ៦៧ ភាគរយ, ព្រុយណេ ៦៤ ភាគរយ ខណៈកម្ពុជា មីយ៉ាន់ម៉ា និងសិង្ហបុរីសុទ្ធសឹងតែយកចិនជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ក្នុងចំនួន ៦០ ភាគរយដូចគ្នា ។
ចំណែកប្រទេសបន្តបន្ទាប់ទៀតដែលកំណត់យកចិនជាមហាអំណាចសេដ្ឋកិច្ចមានឥណ្ឌូណេស៊ី ៥៤ ភាគរយ និងវៀតណាម ៥៣ ភាគរយ ខណៈប្រទេសដែលគិតថា ចិនជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់តិចជាងគេគឺហ្វីលីពីនមានត្រឹម ៣១ ភាគរយប៉ុណោះ ។
របាយការណ៍នេះគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងនាមជាវិនិយោគិនបរទេសដ៏ធំបំផុតរបស់ឡាវ ហើយខណៈពេលដែលប្រទេសចិនមានឥទ្ធិពលសេដ្ឋកិច្ចខ្ពស់នៅទូទាំងអាស៊ាន ប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ ក៏ត្រូវបានចាត់ទុកជាមហាអំណាចសេដ្ឋកិច្ចមួយដួងផងដែរ ។
សូមជម្រាបថា បណ្ដាប្រទេសអាស៊ានដែលកំណត់យកចិនជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ គឺដោយសារតែគោលនយោបាយខ្នាតធំរបស់ក្រុងប៉េកាំង រួមជាមួយគំនិតផ្តួចផ្តើមការវិនិយោគ និងភាពជាដៃគូសេដ្ឋកិច្ចទូទាំងតំបន់អាស៊ាន ចំពេលមានការផ្លាស់ប្តូរថាមវន្តសកល ៕
បកប្រែ ៖ ទីន