មន្ត្រីជាន់ខ្ពស់ នៃសភាតំណាងប្រជាជនចិន បានកត់សម្គាល់ថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។ ការកត់សម្គាល់យ៉ាងដូច្នេះ គឺខណៈដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ២២ ខែឧសភានេះ បានអនុញ្ញាតលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបលោក Shohrat Zakir បានកត់សម្គាល់ឃើញថា កម្ពុជា ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។ លោក Shohrat Zakir ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា។ ចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការ នៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឲ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយគុណភាព កម្រិត និងស្ដង់ដារខ្ពស់។
មន្ត្រីជាន់ខ្ពស់ នៃសភាតំណាងប្រជាជនចិន បានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់លោកនាឱកាសនេះ គឺដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមានបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងរយៈពេលប្រមាណ ៧០ឆ្នាំ ប្រទេសទាំងពីរ បានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើន ព្រមទាំងបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
មុននឹងបញ្ចប់ សម្តេចធិបតី និងលោក Shohrat Zakir ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើបកម្មវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា ការពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ប្រទេសចិន ការពង្រឹងកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆានិងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោកផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានរបស់សម្ដេចធិបតី