អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី ២១ ខែឧសភានេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ។ ការចេញសេចក្ដីថ្លែងការណ៍នេះ គឺដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពី ការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ច្បាស់ៗថា ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ ចេញពីទឹកដីរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់។ ប៉ុន្តែកម្ពុជាគាំទ្រយ៉ាងមុតមាំ រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់នោះទេ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស