ក្រុមហ៊ុន Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃយ៉ាងចាស់ដៃលើម៉ូដែលទូរស័ព្ទ iPhone មួយចំនួនរហូតទៅដល់ ២,៣០០ យ័ន (៣១៨ ដុល្លារ) សម្រាប់ការដាក់លក់នៅក្នុងប្រទេសចិន ។
ការបញ្ចុះតម្លៃនេះធ្វើឡើង នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះកំពុងរក្សាលំនឹងរបស់ខ្លួននៅលើទីផ្សារស្មាតហ្វូនឱ្យនៅកំពូល ក្រោយមានការប្រកួតប្រជែងយ៉ាងសម្បើមពីដៃគូក្នុងស្រុកចិនដូចជាក្រុមហ៊ុន Huawei ជាដើម ។
យុទ្ធនាការនេះបានចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា និងមានបរិមាណច្រើនជាងយុទ្ធនាការដែលក្រុមហ៊ុន Apple បានផ្តល់ជូនកាលពីខែកុម្ភៈទៅទៀត ពោលការបញ្ចុះតម្លៃកាលពីខែកុម្ភៈគឺខ្ពស់បំផុតត្រឹម ១,១៥០ យ័នប៉ុណ្ណោះ ខណៈលើកនេះមានរហូតដល់ ២,៣០០ យ័ន ។
ក្នុងនោះ ការបញ្ចុះតម្លៃខ្ពស់បំផុតគឺម៉ូដែល iPhone 15 Pro Max 1TB ខណៈម៉ូដែលផ្សេងទៀតក៏មានការបញ្ចុះតម្លៃគួរសមផងដែរ ហើយជាក់ស្ដែងកាលពីថ្ងៃចន្ទ ម៉ូដែល iPhone 15 ទំហំ ១២៨ ជីហ្គាបៃ មានការបញ្ចុះតម្លៃ ១,៤០០ យ័ន ។
សម្ពាធនៃការប្រកួតប្រជែងរបស់ក្រុមហ៊ុន Apple កើតឡើង បន្ទាប់ពិក្រុមហ៊ុន Huawei កាលពីខែមុនបានបញ្ចេញស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួនគឺ Pura 70 បន្ទាប់ពីការចេញលក់ម៉ូដែល Mate 60 កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ។
សូមជម្រាបថា ការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានកើនឡើង ១២ ភាគរយនៅក្នុងខែមីនា ហើយនេះជាសញ្ញាបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៤ នៅពេលដែលក្រុមហ៊ុនបានជួបប្រទះនឹងការធ្លាក់ចុះតម្លៃលក់ ៣៧ ភាគរយ ៕
បកប្រែ ៖ ទីន