អាកាសយានដ្ឋានអន្តរជាតិ Long Thanh មានចម្ងាយ 40គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុងហូជីមិញ។ អាកាសយានដ្ឋានថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ក្នុងស្រុក តំបន់ និងអន្តរជាតិ។
យោងតាមកាសែត vietnamplus បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh គ្រោងនឹងវិនិយោគសរុបចំនួន 336,63 ពាន់ពាន់លានដុង ស្មើនឹង 13,8 ពាន់លានដុល្លារដោយការសាងសង់ចែកចេញជាបីដំណាក់កាល។
ក្នុងដំណាក់កាលដំបូង ផ្លូវរត់មួយខ្សែ និងស្ថានីយផ្ទុកអ្នកដំណើរគ្រោងចំណាយ 4,3ពាន់លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៥ ហើយរំពឹងថានឹងអាចផ្ទុកអ្នកដំណើរបាន 25 លាននាក់ និងទំនិញ 1.2 លានតោនក្នុងមួយឆ្នាំ។
ក្នុងដំណាក់កាលទីពីរ ផ្លូវរត់មួយខ្សែ និងចំណតអ្នកដំណើរមួយទៀតនឹងត្រូវសាងសង់ដើម្បីបម្រើអ្នកដំណើរចំនួន 50លាននាក់ និងទំនិញចំនួន 1.5 លានតោនក្នុងមួយឆ្នាំ។
បន្ទាប់ពីការពង្រីកដំណាក់កាលទីបី ព្រលានយន្តហោះនឹងអាចបម្រើអ្នកដំណើរបាន 100 លាននាក់ និងទំនិញចំនួន 5 លានតោនក្នុងមួយឆ្នាំៗ។
គួររំលឹកបន្តិថា ផែនការអភិវឌ្ឍអាកាសយានដ្ឋានថ្មីត្រូវបានប្រកាសតាំងពីឆ្នាំ២០០៤ ហើយចាប់តាំងពីពេលនោះមកត្រូវបានពន្យារពេលជាច្រើនដង។ មូលហេតុចម្បងមួយនៃការពន្យារពេលគឺបញ្ហាការឈូសឆាយដី ខណៈទីតាំងគម្រោងនឹងគ្របដណ្តប់លើផ្ទៃដី 5,000 ហិចតា៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ vietnamplus