លោក Lawrence Wong បានឡើងកាន់តំណែងជាប្រធានាធិបតីសិង្ហបុរីជំនួសលោក Lee Hsien Loong ជាផ្លូវការហើយកាលពីថ្ងៃពុធ ទី១៥ ខែឧសភាម្សិលមិញ ខណៈសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក Wong ផ្ដោតលើការផ្លាស់ប្ដូររបៀបដឹកនាំខុសពីអ្នកជំនាន់មុនៗ ។
នៅក្នុងសុន្ទរកថាបន្ថែមនោះ លោក Wong បានលើកឡើងពីបញ្ហាការទូត និងរឿងរ៉ាវដែលរដ្ឋាភិបាលកំពុងប្រឈមមុខ រួមទាំងទំនាក់ទំនងកាន់តែអាក្រក់ទៅៗរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាប្រជាជនសិង្ហបុរីដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស ហើយលោកបានអំពាវនាវឱ្យប្រជាជនមានការរួបរួមជាតិជាមួយគ្នាដើម្បីបន្តនាវាសិង្ហបុរីធ្វើដំណើរឆ្ពោះទៅមុខ ។
ទន្ទឹមនឹងនេះ ពិធីស្បថចូលកាន់តំណែងរបស់លោក Wong ក៏ធ្វើឡើង នៅពេលដែលសិង្ហបុរីប្រឈមមុខនឹងបញ្ហាដែលកំពុងកើនឡើងក្នុងប្រទេស និងអន្តរជាតិ ជាពិសេសនាយករដ្ឋមន្ត្រីថ្មីវ័យ ៥១ ឆ្នាំរូបនេះនឹងដឹកនាំប្រទេស ចំពេលមានការថយចុះអត្រាកំណើត និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ។
លោក Wong ចូលខ្លួនក្នុងឆាកនយោបាយកាលពីឆ្នាំ ២០១១ ហើយត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី ។ ក្រោយមកគាត់បានកាន់ផ្នែកវប្បធម៌ ការអភិវឌ្ឍជាតិ និងវិស័យអប់រំ ទើបដល់ឆ្នាំ២០២០ គាត់បានកាន់តួនាទីជាសហប្រធាននៃក្រុមការងារកូវីដ ១៩ និងត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនៅឆ្នាំ ២០២២ ។
សូមជម្រាបថា លោក Wong បានឡើងស្នងតំណែងពីលោក Lee Hsien Loong ជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីទីមួយ និងជាបិតាស្ថាបនិកប្រទេសគឺលោក Lee Kuan Yew កាលពីថ្ងៃទី១៥ ខែឧសភា ខណៈនាយករដ្ឋមន្ត្រីដែលផុតអាណត្តិនឹងបម្រើការជាទេសរដ្ឋមន្ត្រីក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Wong ៕
បកប្រែ ៖ ទីន