លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានទទូចសុំឲ្យម្ចាស់ផេកមួយចំនួនកុំបំភ្លៃព័ត៍មានដោយយករូបភាពចាស់ៗពីប្រទេសដទៃមកប្រឌិតជាសាច់រឿងពាក់ព័ន្ធនឹងទីផ្សារឪឡឹកនៅកម្ពុជា ដើម្បីគ្រាន់បាន Like និង Share ដែលទង្វើរនេះមិនបានជួយដល់វិស័យកសិកម្មនៅកម្ពុជានោះទេ។
ការប្រតិកម្មបែបនេះរបស់អ្នកនាំពាក្យក្រសួងកសិកម្ម បន្ទាប់ពីបានឃើញផេកមួយចំនួនផ្សព្វផ្សាយប្រឌិតថា កសិករខ្មែរដែលដាំឪឡឹកកំពុងជួបបញ្ហាខ្វះទីផ្សារ ដោយឪឡឹកសល់ចោលមិនមានឈ្មួញឬការគាំទ្រទិញពីប្រជាជនខ្មែរនោះទេ។ ប៉ុន្តែតាមពិតទៅ នោះគ្រាន់ជារូបភាពប្រឌិតដែលបានកើតឡើងនៅប្រទេសវៀតណាមតាំងពីឆ្នាំ២០១៥ និងឆ្នាំ២០២០ ដែលត្រូវបានគេយកមកកាត់តដើម្បីផ្សព្វផ្សាយបំពុល ប្រៀបដូចជាការយកកសិករខ្មែរមកលេងសើចដូច្នោះដែរ។ លោកបានចាត់ទុកថានេះជាព័ត៍មានក្លែងក្លាយដែលទង្វើនេះធ្វើឲ្យមនុស្សរាប់លាននាក់យល់ច្រលំ ហើយលោកក៏បានឆែកជាមួយមន្រ្តីនៅតាមមូលដ្ឋានពីទីផ្សារឪឡឹកបច្ចុប្បន្នរួចហើយទើបលោកឆ្លើយតបបែបនេះ
ជាមួយគ្នានេះ លោក ហ្វីណង់ បានអះអាងលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា៖ យើងត្រូវការព័ត៌មានពិតដើម្បីជួយដោះស្រាយទុក្ខលំបាករបស់កសិករ តែមិនមែនព័ត៌មានបែបបំពុល ដែលផុសដើម្បីតែប្រជាប្រិយភាពរបស់ផេកខ្លួនឯងនោះទេ។ សង្ឃឹមថា សាធារណៈជននឹងជួយ block, unfollow, report ផេកបែបនេះ និងជួយនាំគ្នាលាងសម្អាតបណ្តាញសង្គមរបស់យើង ដើម្បីបង្កើតជាលំហវិជ្ជមានសម្រាប់យើងទាំងអស់គ្នា និងបន្តជួយគាំទ្រកសិផលក្នុងស្រុកបន្ថែមទៀត។
បន្ថែមពីនេះ អតីតអភិបាលរងខេត្តសៀមរាបរូបនេះបញ្ជាក់ថា ថ្វីត្បិតអាកាសធាតុក្តៅក៏ពិតមែនអាចធ្វើឲ្យខ្វះឪឡឹកមិនសូវសល់ច្រើនលើទឹផ្សារនោះទេព្រោះដាំមិនសូវបានផល ។ ប៉ុន្តែរាល់ថ្ងៃក្រុមការងារទាំងអស់កំពុងរវល់ជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ តែមិនត្រូវការព័ត៍មានបំពុលផុសដើម្បីតែប្រជាប្រិយភាពរបស់ផេកខ្លួនឯងនោះទេ៕
អត្ថបទ៖ នារតី រូបភាព៖ បណ្តាញសង្គម