៩០ ភាគរយនៃគម្រោងខុនដូនៅវៀតណាមលក់មិនចេញ

យោងតាមអ្នកស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន DKRA Group បានឱ្យដឹងថា ៩០ ភាគរយនៃគម្រោងខុនដូនៅប្រទេសវៀតណាមគឺលក់មិនដាច់នោះទេសម្រាប់ក្នុងត្រីមាសទី ១ នៃឆ្នាំ២០២៤ នេះ ដោយសារតែតម្រូវការបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ។

ក្រុមហ៊ុនបញ្ជាក់ថា ក្នុងចំណោមគម្រោងលក់ខុនដូរថ្មីចំនួន ៤,៨០០ យូនីត គឺមានតែ ៦៤ យូនីត ឬស្មើនឹង ១ ភាគរយប៉ុណ្ណោះត្រូវបានលក់ដាច់ ហើយការលក់ដាច់ខុនដូថ្មីនេះភាគច្រើនបានមកពីគម្រោងដែលមានស្រាប់នៅខេត្តភាគកណ្តាល និងភាគខាងត្បូងវៀតណាមដូចជា ខេត្ត Quang Nam, ខេត្ត Binh Dinh, ខេត្ត Khanh Hoa, ខេត្ត Binh Thuan និងខេត្ត Ba Ria-Vung Tau ។

ចំណែករបាយ​ការណ៍​មួយ​ទៀត​របស់​សមាគម​អ្នក​អចលនទ្រព្យ​វៀតណាម​បាន​បង្ហាញ​ថា ​ក្នុង​ត្រីមាស​ទី​ ១ ខុនដូចំនួន​ ១០,០០០ យូនីត​ត្រូវ​បាន​ដាក់លក់ ប៉ុន្តែ​លក់ដាច់​តែ ១.៦ ភាគរយប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃខុនដូនៅតែខ្ពស់ ដោយខុនដូនៅខេត្តភាគកណ្ដាលដាក់លក់ជាមធ្យម ១៨០ លានដុង (ជាង ៧,០០០ ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ និង ១៥៥ លានដុង (ជាង ៦,០០០ ដុល្លារ) នៅខេត្តភាគខាងត្បូង ។

លោក Mauro Gasparotti នាយកក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Hotels Asia-Pacific បាននិយាយថា តម្រូវការខុនដូបានកើនឡើងក្នុងកំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ នៅពេលដែលយូនីតថ្មីចំនួន ១២,០០០ ត្រូវបានបើកលក់ជារៀងរាល់ឆ្នាំ ប៉ុន្តែការធ្លាក់ចុះតម្រូវការនាពេលនេះ គឺដោយសារតែគម្រោងខុនដូនៅវៀតណាមសាងសង់ឡើងក្នុងគុណភាពទាប និងខ្វះការច្នៃម៉ូត ។

លោក Tran Trong Vu សហស្ថាបនិកនៃក្រុមហ៊ុន SPE.R ដែលជាអ្នកស្រាវជ្រាវទីផ្សារបាននិយាយថា ប្រតិបត្តិករខុនដូទទួលបានប្រាក់ចំណេញជាមធ្យមត្រឹមតែ ២.៧ ភាគរយ ហើយស្ទើរតែគ្មានប្រតិបត្តិករណាមួយអាចរកបានប្រាក់ចំណេញដល់ ៥ ភាគរយនោះទេ ។ នេះហើយ​ជា​មូល​ហេតុ​ដែល​វិនិយោគិន​ជាច្រើន​បាន​ងាក​មក​រកទិញ​ខុនដូ ប៉ុន្តែទោះយ៉ាងណា តម្រូវការ​ខុនដូ​ទាប​នឹង​បន្ត​អូសបន្លាយ​ពេញ​មួយ​ឆ្នាំនេះតែម្ដង ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន