តម្លៃមាសរបស់ក្រុមហ៊ុន Saigon Jewelry (SJC) បានស្ទុះងើបឡើងវិញប្រមាណ ២.១ ភាគរយ ក្រោយពេលដែលធ្លាក់ចុះជាង ៤.២ ភាគរយនៅព្រឹកថ្ងៃចន្ទនេះ ។
ដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry ដែលដាក់លក់នៅព្រឹកថ្ងៃចន្ទនេះមានតម្លៃ ៨៨.៥ លានដុង (ជាង ៣,៤០០ ដុល្លារ) ក្នុងមួយតម្លឹង ប៉ុន្តែសម្រាប់តម្លៃជួញដូរនៅពេលថ្ងៃត្រង់នេះវិញបានហក់ឡើងដល់ ៩០.៤ លានដុង (៣,៥៥១ ដុល្លារ) ក្នុងមួយតម្លឹង
ចំណែកតម្លៃចិញ្ចៀនមាសរបស់ក្រុមហ៊ុន Saigon Jewelry ក៏បានកើនឡើងផងដែរក្នុងកម្រិត ០.០៧ ភាគរយ ហើយដាក់លក់ក្នុងតម្លៃ ៧៦.៦ លានដុង (៣,០០០ ដុល្លារ) ក្នុងមួយតម្លឹង ។
យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ចំណែកតម្លៃមាសនៅទូទាំងពិភពលោកបានរក្សាតម្លៃមិនឡើងមិនចុះ ខណៈវិនិយោគិនកំពុងរង់ចាំរបាយការណ៍អតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិក ដើម្បីវាយតម្លៃនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាល ។
តម្លៃមាសរបស់ក្រុមហ៊ុន Spot Gold បានរក្សាតម្លៃ ២,៣៥៨ ដុល្លារក្នុងមួយតម្លឹង ហើយនេះជាតម្លៃឡើងខ្ពស់កប់ពពកក្នុងរយៈពេល ២ សប្ដាហ៍ជាប់ៗគ្នា ខណៈតម្លៃមាសរបស់ក្រុមហ៊ុនអាមេរិក GF បានធ្លាក់ចុះ ០.៤ ភាគរយមកនៅត្រឹម ២,៣៦៤ ដុល្លារក្នុងមួយតម្លឹង ៕
បកប្រែ ៖ ទីន