ទីផ្សារលក់រថយន្តថ្មីនៅក្នុងប្រទេសចិននាខែមេសាបានកើនឡើងយ៉ាងគំហុកប្រមាណ ៩.៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ក្នុងនោះយានយន្តចំនួន ២.៣៥ លានគ្រឿងត្រូវបានលក់ដាច់គ្មានសល់ ។
សមាគមក្រុមហ៊ុនផលិតរថយន្តចិនបាននិយាយថា ទីផ្សារលក់រថយន្តថាមពលថ្មីបានកើនឡើង ៣៣.៥ ភាគរយស្មើនឹងជាងមួយភាគបីនៃការលក់រថយន្តសរុប ។
ចំណែករថយន្ត Plug-in hybrid ដែលជារថយន្តមួយប្រភេទ ដំណើរការដោយម៉ាស៊ីនសាំងផង អាគុយផង និងអាចសាកអាគុយបានទៀតនោះ កើនឡើង ៩៥ ភាគរយ ខណៈរថយន្តអគ្គិសនី (EV) ហក់ដល់ ១១ ភាគរយ ។
ចំពោះការនាំចេញក្នុងខែមេសាដដែលនេះ មហាអំណាចសេដ្ឋកិច្ចមួយនេះដឹករថយន្តចេញចំនួន ៥០៤,០០០ គ្រឿង ដោយកើនឡើង ៣៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ។
សូមជម្រាបជូនថា សន្ទុះទីផ្សារលក់ចេញដ៏ច្រើនក្រាស់ក្រែលនេះគឺមានចំនួនលើសពីឆ្នាំមុន នៅពេលដែលចិនបានក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេរបស់ពិភពលោក ៕
បកប្រែ ៖ ទីន