ក្រុមហ៊ុន Shell បានលក់រោងចក្រចម្រាញ់ប្រេង និងទ្រព្យសកម្មគីមីឥន្ធនៈរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អាស៊ីទៅឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយរវាងក្រុមហ៊ុនគីមីឥណ្ឌូណេស៊ី Chandra Asri និងក្រុមហ៊ុនរុករករ៉ែនិងពាណិជ្ជកម្មទំនិញ Glencore របស់ប្រទេសស្វ៊ីស។ នេះបើតាមកាសែត Channel News Asia។
ការលក់នេះគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Shell ដើម្បីកាត់បន្ថយឧស្ម័នកាបូនិករបស់ក្រុមហ៊ុន និងផ្តោតប្រតិបត្តិការរបស់ខ្លួនលើអាជីវកម្មដែលទទួលបានប្រាក់ចំណេញច្រើនបំផុត។
ក្រុមហ៊ុន Shell បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រតិបត្តិការនេះនឹងផ្ទេរអត្ថប្រយោជន៍ទាំងអស់របស់ក្រុមហ៊ុន Shell នៅក្នុងក្រុមហ៊ុន Shell Energy and Chemicals Park Singapore e ទៅកាន់ក្រុមហ៊ុន CAPGC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ឥណ្ឌូណេស៊ីនិងប្រទេសស្វ៊ីសនេះ។
ក្រុមហ៊ុនបន្ថែមថា៖ «បុគ្គលិកនៅក្នុងក្រុមហ៊ុន Shell Energy and Chemicals Park Singapore នឹងបន្តធ្វើការងាររបស់ពួកគេជាមួយក្រុមហ៊ុន CAPGC ស្ថិតក្រោមកម្មសិទ្ធិថ្មីនេះ ដោយផ្តល់ការបន្តការងារសម្រាប់បុគ្គលិក និងការរួមចំណែកដល់ភាពជឿជាក់ និងសុវត្ថិភាពនៃប្រតិបត្តិការដែលកំពុងបន្ត»៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Channel News Asia