រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាឧបនាយករដ្ឋមន្រ្ដីថៃលោក Suriya Juangroongruangkit បាននិយាយ ក្រោយកិច្ចពិភាក្សាអំពីវឌ្ឍនភាពជាមួយអាជ្ញាធរចិនថា ផ្លូវរថភ្លើងល្បឿនលឿន ថៃ-ចិន ពីទីក្រុងបាងកកទៅកាន់ខេត្ត Nong Khai កំពុងស្ថិតនៅលើផ្លូវត្រៀមបើកឱ្យប្រើប្រាស់ជាសាធារណៈនៅឆ្នាំ ២០៣០ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំបូងឡើយគម្រោងនេះត្រៀមនឹងបើកដំណើរការនៅឆ្នាំ ២០២៨ ប៉ុណ្ណោះ ប៉ុន្តែគម្រោងដ៏ធំដែលប៉ាន់ស្មានថា មានតម្លៃ ៣៤១ ពាន់លានបាតមួយនេះត្រូវបានញាំញី និងត្រូវបានពន្យារពេល ដោយសារតែជម្លោះហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ។
លោក Suriya បាននិយាយថា គណៈកម្មាធិការបានទទួលស្គាល់ពីវឌ្ឍនភាពនៃការសាងសង់ក្រោមការទទួលខុសត្រូវរបស់ប្រទេសថៃក្នុងដំណាក់កាលទី ១ ដោយគ្របដណ្តប់លើខ្សែរថភ្លើងពីបាងកកទៅ Nakhon Ratchasima ហើយជំហ៊ានដំបូងនេះរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៨ ។
លោកបានបន្តថា ដំណាក់កាលទី ២ ពី Nakhon Ratchasima ទៅខេត្ត Nong Khai បានឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថានរួចរាល់ហើយ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ។ គម្រោងនេះនឹងតភ្ជាប់ជាមួយផ្លូវដែកឡាវ-ចិន ហើយនឹងបើកដំណើរការនៅឆ្នាំ ២០៣០ ខណៈស្ពានរថភ្លើងល្បឿនលឿនមេគង្គថ្មី ដើម្បីភ្ជាប់ទីក្រុង Nong Khai និងរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ នឹងត្រូវសាងសង់ដោយប្រើថវិកាសារពើពន្ធឆ្នាំ ២០២៤ របស់រដ្ឋបាលផ្លូវដែកនៃប្រទេសថៃ ។
សូមជម្រាបជូនថា ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនមានប្រវែង ៨៧៣ គីឡូម៉ែត្រ ហើយនឹងតភ្ជាប់ប្រទេសចិន និងថៃដោយឆ្លងកាត់ប្រទេសឡាវ ហើយគម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវសកល (BRI) របស់ប្រទេសចិន ៕
បកប្រែ ៖ ទីន