មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានអំពីការរីកលូតលាស់ការបែងចែកតំបន់សេដ្ឋកិច្ចដែលមួយគាំទ្រដោយចិន និងលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន RT ។
នាយិការងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Gita Gopinath ក្នុងពេលថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Stanford កាលពីថ្ងៃអង្គារ មានប្រសាសន៍ថា “ប្រទេសជុំវិញពិភពលោកកាន់តែច្រើនឡើងកំពុងពិចារណាជ្រើសរើសរវាងចិន និងអាមេរិកក្នុងការធ្វើពាណិជ្ជកម្មនិងបណ្តាក់ទុនជាមួយ”។
ទន្ទឹមនឹងនេះ លោកស្រីបានព្រមានថា ការពង្រឹងភាពធន់នឹងសេដ្ឋកិច្ចដោយមាននិន្នាការបែងចែកតំបន់បានគំរាមកំហែងដល់ការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់ និងគោលជំហរប្រកួតប្រជែងស្មើភាពគ្នា ខណៈទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែយ៉ាប់យ៉ឺនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកដែលបង្ហាញអំពីកំរិតនៃភាពតានតឹងរវាងមហាអំណាចទាំង២។
លោកបន្តថា ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងបង្កើនការរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសចិន ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ ប៉ុន្តែទីក្រុងប៉េកាំងបានធ្វើការបដិសេធយ៉ាងខ្លាំងរួចមកហើយ។ រដ្ឋាភិបាលចិនក៏បានដាស់តឿនអាមេរិកផងដែរចំពោះការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ជាពិសេសការលក់សព្វាវុធរបស់ខ្លួនទៅឱ្យតៃវ៉ាន់។
លោកស្រី Gopinath បាននិយាយថា ពាណិជ្ជកម្មរវាងតំបន់នៃបណ្តាប្រទេសដែលនៅជាប់នឹងចិន ឬអាមេរិកក៏រងផលប៉ះពាល់ជាអវិជ្ជមានផងដែរ។ តំបន់អាមេរិកភាគច្រើនមានសហភាពអឺរ៉ុប កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ខណៈប្រទេសដែលគាំទ្រចិនរួមមាន រុស្ស៊ី អេរីទ្រា ម៉ាលី នីការ៉ាហ្គា និងស៊ីរីជាដើម។
លោកស្រីបានអះអាងថា ផលប៉ះពាល់នៃការបែងចែកតំបន់សេដ្ឋកិច្ច រំពឹងថានឹងមានកាន់តែច្រើនជាងកំឡុងសម័យសង្គ្រាមត្រជាក់ទៅទៀត ដោយសារសេដ្ឋកិច្ចពិភពលោកពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម។
គួរឲ្យកត់សម្គាល់ថា កាលពីខែមេសាកន្លងទៅថា មូលនិធិ IMF បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតរបស់ពិភពលោកនឹងមានអត្រា ៣,២ភាគរយសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលជាអត្រាដូចគ្នាទៅនឹងឆ្នាំ២០២៣។ ការព្យាករសម្រាប់ឆ្នាំ២០២៤ នេះត្រូវបានដំឡើងចំនួន ០,១ពិន្ទុភាគរយពីការព្យាករក្នុងរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីខែមករា ដែលភាគច្រើនដោយសារការដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា ប្រទេសជាច្រើនក៏កំពុងបង្ហាញឱ្យឃើញពីផលប៉ះពាល់តិចជាងមុនពីជំងឺរាតត្បាតកូវីដ១៩ និងភាពធូរស្រាយវិបត្តិចំណាយលើការរស់នៅ ដោយទិន្នផលសេដ្ឋកិច្ចវិលត្រលប់ទៅកម្រិតមុនពេលមានជំងឺរាតត្បាតលឿនជាងការព្យាករពីមុន។ ចំណែក អតិផរណាកំពុងធ្លាក់ចុះ ប៉ុន្តែវឌ្ឍនភាពក្នុងការនាំអតិផរណាឱ្យវិលត្រឡប់ទៅរកគោលដៅរបស់ធនាគារកណ្តាលបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ RT