ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់សមភាគីបារាំងលោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អឺរ៉ុបក្នុងរយៈពេល ៥ ឆ្នាំកាលពីថ្ងៃចន្ទថា ប្រទេសចិន និងបារាំងគួរតែព្រួតដៃធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាទប់ស្កាត់ “សង្គ្រាមត្រជាក់ថ្មី” ឱ្យខានតែបាន ។
លោក Xi បានប្រាប់លោក Macron ទៀតថា ប្រទេសទាំងពីរគួរតែព្យាយាមរក្សាឯករាជ្យភាព និងលើកកម្ពស់ពហុប៉ូលនីយកម្មប្រកបដោយសមធម៌ និងសណ្តាប់ធ្នាប់នៃពិភពលោក ហើយចិនបាននិងកំពុងដើរតួនាទីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសុខសន្តិភាពដល់អ៊ុយក្រែន ជាជាងអ្នកធ្វើជាអ្នកសង្កេតការណ៍ ខណៈប្រធានាធិបតីបារាំងវិញក៏បានលើកឡើងផងដែរថា បណ្តាប្រទេសនានានឹងអាចដើរតួនាទីដ៏មានប្រយោជន៍ក្នុងការធានាស្ថិរភាពពិភពលោក ។
កិច្ចប្រជុំនេះកើតឡើង ចំពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងរងការរិះគន់ចំពោះការឧបត្ថម្ភធនរបស់ខ្លួនលើវិស័យមួយចំនួនដែលអ្នកជំនាញនិយាយថាកំពុងនាំឱ្យមានអតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត ស្របពេលដែលលោក Macron ក៏បានសង្កត់ធ្ងន់លើតម្រូវការក្របខ័ណ្ឌនៃការប្រកួតប្រជែងដោយយុត្តិធម៌ផងដែរ ។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនផងដែរ ក្នុងនោះលោក Macron បាននិយាយថា ប្រទេសបារាំងអរគុណប្រទេសចិនដែលមិនប៉ុនប៉ងលក់អាវុធណាមួយទៅឱ្យរុស្ស៊ី ជាពិសេសការប្តេជ្ញាចិត្តរបស់ចិនក្នុងការរឹតបន្តឹង ក៏ដូចជាការត្រួតពិនិត្យលើការនាំចេញទំនិញដែលអាចជាប់ពាក់ព័ន្ធនឹងវិស័យយោធា ។
បន្ថែមពីនេះ លោក Xi និងលោក Macron ក៏បានឯកភាពគ្នាក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់នៅទូទាំងពិភពលោកផងដែរ ពិសេសក្នុងអំឡុងពេលកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសនាពេលខាងមុខនេះ ហើយការអំពាវនាវរបស់ប្រមុខដឹងកនាំទាំងពីរធ្វើឡើង ចំពេលដែលស្ថានការណ៍នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាកំពុងឡើងកម្ដៅ ។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះទំនងជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំងដើម្បីពង្រឹងទំនាក់ទំនងជាមួយបារាំង ចំពេលមានការប្រឈមមុខជាមួយសហរដ្ឋអាមេរិក ខណៈដំណើរទស្សនកិច្ចនេះផងដែរក៏កើតមានឡើងស្របពេលខួបលើកទី ៦០ នៃចំណងការទូតរវាងចិន និងបារាំង ៕
បកប្រែ ៖ ទីន