ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងចេញពីទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យថា ប្រទេសចិនរួមជាមួយនឹងបារាំង និងដៃគូផ្សេងទៀត មានបំណងរិះរកមធ្យោបាយដោះស្រាយបញ្ហាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
លោក Xi Jinping បាននិយាយប្រាប់កាសែតបារាំង Le Figaro ថា “យើងសង្ឃឹមថា អឺរ៉ុបនឹងត្រលប់មានសន្តិភាព និងស្ថិរភាពមកវិញក្នុងពេលឆាប់ៗនេះ ហើយចិនមានបំណងធ្វើការជាមួយប្រទេសបារាំង និងសហគមន៍អន្តរជាតិទាំងមូល ដើម្បីស្វែងរកមធ្យោបាយដោះស្រាយវិបត្តិនៅអ៊ុយក្រែន” ។
ប្រធានាធិបតីចិនរូបនេះក៏បានអំពាវនាវម្តងហើយម្តងទៀតឱ្យគោរពនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ដោយគិតគូរពីផលប្រយោជន៍សន្តិសុខស្របច្បាប់គ្រប់ភាគីពាក់ព័ន្ធ ហើយព្រមទាំងបានចង្អុលបង្ហាញពីភាពមិនអាចទទួលយកបាននៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ។
ក្រៅពីបញ្ហានៅអ៊ុយក្រែន លោក Xi Jinping ក៏នឹងត្រៀមពិភាក្សា ក៏ដូចជាផ្លាស់ប្ដូរទស្សនៈអំពីជម្លោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ក៏ដូចជាបញ្ហាផ្សេងទៀតជាមួយនឹងលោកប្រធានាធិបតីបារាំង Emmanuel Macron ផងដែរ ។
សូមជម្រាបជូនថា លោក Xi Jinping កំពុងបំពេញទស្សនកិច្ចនៅប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១០ ខែឧសភា តាមការអញ្ជើញរបស់មេដឹកនាំអឺរ៉ុប ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីចិនទៅកាន់អឺរ៉ុបក្នុងរយៈពេលជិត ៥ ឆ្នាំមកនេះកើតឡើង ខណៈដែលសហភាពអឺរ៉ុបបន្តដាក់សម្ពាធលើទីក្រុងប៉េកាំងជុំវិញការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ៕
បកប្រែ ៖ ទីន