មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកថ្មីរបស់សហរដ្ឋអាមេរិកក៏មិនខុសពីមេបញ្ជាការចាស់នោះដែរ ពោលសុទ្ធសឹងតែសម្ដែងការប្រុងប្រយ័ត្នកម្រិតខ្ពស់ប្រឆាំងនឹងប្រទេសចិន ហើយក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសសម្ព័ន្ធមិត្តដើម្បីបង្កើនឥទ្ធិលពលនៅក្នុងតំបន់ផងដែរ ។
លោកឧត្តមនាវីឯក Samuel Paparo បានថ្លែងបែបនេះក្នុងពិធីផ្ទេរតំណែងមេបញ្ជាការប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពីលោកឧត្តមនាវីឯក John Aquilino នៅក្នុងរដ្ឋ Hawaii កាលពីចុងសប្ដាហ៍កន្លងទៅក្រោមអធិបតីភាពចូលរួមពីសំណាក់លោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin ។
លោក Paparo បានលើកឡើងថា ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ត្រូវតែត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងផែនការឈ្លានពាន និងការពង្រីកខ្លួនកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ លោកបានប្រាប់ទៀតថា ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកនឹងធ្វើការរួមកម្លាំងគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាដើម្បីឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ។
ចំណែកលោក Austin បាននិយាយថា “ចិនគឺជាប្រទេសតែមួយគត់ដែលមានទាំងឆន្ទៈ និងមានសមត្ថភាពកាន់តែខ្លាំងឡើងក្នុងការគ្រប់គ្រងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសចិនកំពុងរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញឱ្យសមនឹងចក្ខុវិស័យបែបផ្ដាច់ការរបស់ខ្លួន ហើយនោះហើយជាមូលហេតុដែលប្រទេសចិននៅតែជាបញ្ហាប្រឈមសម្រាប់យើង” ។
សូមជម្រាបជូនថា ការលើកឡើងទាំងប៉ុន្មាននេះកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកព្យាយាមធានាស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលដែលថ្មីៗនេះលោកប្រធានាធិបតី Joe Biden ក៏បានកាន់ប៊ិចចុះហត្ថលេខាលើច្បាប់មួយសម្រាប់ការផ្ដល់ជំនួយចំនួន ២ ពាន់លានដុល្លារដើម្បីគាំទ្រទៅដល់ពាណិជ្ជកម្មទ្វេភាគីនៅក្នុងតំបន់មួយនេះផងដែរ ៕
បកប្រែ ៖ ទីន