ប្រព័ន្ធសុខាភិបាលស្ទើរតែទាំងស្រុងនៃតំបន់ហ្កាហ្សា បានរងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ហើយមានតែមន្ទីរពេទ្យ ១២កន្លែង ក្នុងចំណោមមន្ទីរពេទ្យទាំង៣៦ នៃតំបន់ហ្កាហ្សា និងមណ្ឌលសុខភាពចំនួន២២ ក្នុងចំណោម៨៨ ប៉ុណ្ណោះនៅអាចដំណើរការបានយ៉ាងត្រដាបត្រដួស។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO។
កាលពីថ្ងៃសុក្រ ខែឧសភាកន្លងទៅលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា ប្រតិបត្តិការវាយលុកណាមួយរបស់អ៉ីស្រាអែលក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា អាចនឹងនាំទៅរកការសម្លាប់រង្គាលក្នុងថ្លុកឈាមមួយ។
ទីភ្នាក់ងារសារព័ត៌មាន AFP និយាយថា នៅចំពោះមុខការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា នឹងវាយលុកតាមជើងគោកចូលក្នុងទីក្រុងមួយនេះដើម្បីកម្ទេចក្រុមហាម៉ាស។
ប្រមុខ WHO រូបនេះក៏បានព្រមានផងដែរពីមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះប្រជាជនប៉ាឡេស្ទីនជាង ១.២លាននាក់ដែលកំពុងជ្រកកោនក្នុងទីក្រុង Rafah។ លោកបានគូសបញ្ជាក់ដូច្នេះថា «WHO មានការព្រួយបារម្ភក្រៃលែងចំពោះប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយ ក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា ដែលអាចនឹងនាំទៅរកថ្លុកឈាម ហើយធ្វើឱ្យប្រព័ន្ធសុខាភិបាលដែលបានចុះខ្សោយស្រាប់ទៅហើយនោះកាន់តែយ៉ាប់យ៉ឺន»។ នេះបើតាមការបង្ហោះសាររបស់លោកលើបណ្ដាញទំនាក់ទំនងសង្គម X៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ latimes