រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បាននិយាយនៅក្នុងការអាប់ដេតចុងក្រោយកាលពីថ្ងៃសុក្រថា គិតចាប់តាំងពីដើមឆ្នាំ ២០២៤ នេះមក មានទាហានអ៊ុយក្រែនលើសពី ១១១,០០០ នាក់បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមជាមួយរុស្ស៊ី ។
មន្ត្រីជាន់ខ្ពស់រូបនេះបានរាយការណ៍ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា “កងកម្លាំងរុស្ស៊ីបន្តកម្ទេចបន្ទាយការពាររបស់អ៊ុយក្រែននៅតាមខ្សែត្រៀមជួរមុខទាំងអស់” ។ លោកបានបន្ថែមថា “ចំណែកការវាយដណ្ដើមបានទឹកដីអ៊ុយក្រែនពីសំណាក់ទ័ពរុស្ស៊ីក្នុងឆ្នាំនេះវិញមានចំនួន ៥៤៧ គីឡូម៉ែត្រក្រឡា” ។
លោក Shoigu ក៏បានចោទប្រកាន់ទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផងដែរថា បានដាក់សម្ពាធលើទីក្រុងកៀវមិនឱ្យយកចិត្តទុកដាក់លើគុណតម្លៃនៃការបន្តការប្រយុទ្ធរបស់អ៊ុយក្រែនជាមួយរុស្ស៊ី ហើយរដ្ឋមន្ត្រីរូបនេះបានអះអាងទៀតថា ជាលទ្ធផល ទ័ពអ៊ុយក្រែនស្លាប់ និងរងរបួសចំនួន ១,០០០ នាក់ជារៀងរាល់ថ្ងៃពេញមួយខែមេសានេះ ។
លោក Shoigu បានបន្ថែមទៀតថា ទីក្រុងកៀវបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើរកេណ្ឌទ័ព ដោយសារតែមានកំហុសឆ្គងនាពេលកន្លងមក ។ ជនជាតិអ៊ុយក្រែនដែលមិនមានចិត្តចង់ប្រយុទ្ធកំពុងត្រូវបានបង្ខំឲ្យទៅសមរភូមិជួរមុខ និងស្លាប់ជាហូរហែ ខណៈប្រមុខការពារជាតិរុស្ស៊ីរូបនេះបានចោទប្រកាន់ថ្នាក់ដឹកនាំនៅទីក្រុងកៀវថាយកអាយុជីវិតប្រជាពលរដ្ឋ ដើម្បីជាប្រយោជន៍ដល់ការបន្តជំនួយផ្នែកហិរញ្ញវត្ថុ និងយោធារបស់បស្ចិមប្រទេស ។
ក្រៅពីបង្កឲ្យមានអ្នកស្លាប់ និងរបួសហើយ កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញអាវុធធុនធ្ងន់ប្រមាណ ២១,០០០ គ្រឿងដែលកងកម្លាំងអ៊ុយក្រែនកំពុងប្រតិបត្តិការនៅលើសមរភូមិផងដែរ ខណៈក្នុងខែមេសា លោក Shoigu បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ និងរបួសរបស់អ៊ុយក្រែនមានជិត ៥០០,០០០ នាក់ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានចាប់ផ្ទុះឡើកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ។
សូមជម្រាបជូនថា កាលពីដើមឆ្នាំនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើច្បាប់កំណែទម្រង់នៃចូលបម្រើយោធារបស់ពលរដ្ឋអ៊ុយក្រែន ដែលរួមមានការដាក់ទណ្ឌកម្មដ៏តឹងតែងចំពោះអ្នកគេចវេស ហើយចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក ពលរដ្ឋអ៊ុយក្រែនប្រហែល ៣០ នាក់បានស្លាប់ ពេលព្យាយាមភៀសខ្លួនដោយខុសច្បាប់ទៅកាន់ប្រទេសផ្សេង ៕
បកប្រែ ៖ ទីន