រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin កាលពីពេលថ្មីៗនេះបានជួបជាមួយសមភាគីមកពីប្រទេសអូស្ត្រាលី ជប៉ុន និងហ្វីលីពីន ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្រុមប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដើម្បីប្រឆាំងចិន ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅកោះហាវ៉ៃជាមួយសមភាគីទាំងបី, លោក Austin បាននិយាយថា “យើងបានប្រមូលផ្តុំគ្នានៅទីនេះ ដោយសារយើងចង់ចែករំលែកទស្សនៈវិស័យសម្រាប់សន្តិភាព ស្ថិរភាព និងការរាំងខ្ទប់សកម្មភាពរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ យើងបានរៀបចំទិសដៅប្រកបដោយមហិច្ឆតាមួយ ដើម្បីជំរុញចក្ខុវិស័យជាមួយគ្នា” ។
កាលពីខែមេសា ប្រទេសទាំងបួនបានធ្វើការល្បាតដែនសមុទ្ររួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប្រឆាំងនឹងភាពតានតឹងដែលកំពុងបន្តកើតមានរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ជុំវិញការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ។
ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃសុក្រ លោក Austin បានប្រកាសថា ក្រុមប្រទេសទាំងបួននឹងពិនិត្យមើលការធ្វើសមយុទ្ធដែនសមុទ្របន្ថែមទៀត ក៏ដូចជាការផ្តល់ជំនួយផ្នែកសន្តិសុខកាន់តែច្រើនដល់ប្រទេសហ្វីលីពីន ហើយសហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ហើយចំពោះប្រទេសទាំងអស់ រួមទាំងចិនផងដែរថា ទង្វើថ្មីៗនេះនៅសមុទ្រចិនខាងត្បូងគឺ “មិនអាចទទួលយកបាន” និង “មិនគោរពច្បាប់អន្តរជាតិ” ។
ចំណែកប្រទេសចិនចាត់ទុកក្រុមពហុភាគីរបស់សហរដ្ឋអាមេរិកជាផ្នែកមួយនៃការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ឥទ្ធិពលប្រទេសចិន ស្របពេលដែលកាសែត Global Times នៅសប្ដាហ៍នេះក៏បានចុះផ្សាយព្រមានដែរថា ការបង្កើតក្រុមប្រទេសទាំងបួនរបស់សហរដ្ឋអាមេរិកកំពុងប្រថុយនឹងហានិភ័យក្នុងតំបន់កាន់តែធ្ងន់ធ្ងរ ។
ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ដែលសុំនិយាយមិនបញ្ចេញឈ្មោះបានអះអាងថា ការបង្កើតក្រុមទាំងនេះគឺមានគោលបំណងប្រឆាំងការឈ្លានពាននៅទូទាំងតំបន់អាស៊ី ក៏ដូចជាដើម្បីធានាដល់សមត្ថភាពដែនការពារក្នុងចំណោមយោធារបស់ពួកគេឲ្យកាន់តែមានអន្តរប្រតិបត្តិការ ជាពិសេសនឹងអនុញ្ញាតឲ្យក្រុមការងារធ្វើការជាមួយគ្នាកាន់តែមានប្រសិទ្ធភាពនៅក្នុងព្រឹត្តិការណ៍នៃជម្លោះណាមួយ ។
សូមជម្រាបជូនថា ក្រៅពីការបង្កើតក្រុមប្រទេសទាំងបួនបន្ថែមទៀតនេះ សហរដ្ឋអាមេរិកក៏បានបង្កើតសម្ព័ន្ធយោធា “Quad” ដែលរួមមានអាមេរិកខ្លួនឯង អូស្ត្រាលី ឥណ្ឌា និងជប៉ុន និងមួយទៀតគឺកិច្ចព្រមព្រៀងនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ “AUKUS” ដែលរួមមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ៕
បកប្រែ ៖ ទីន