ប្រមុខរាជរដ្ឋាភិបាល ហៅការចុះផ្សាយរបស់វិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily ជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលបានប្រឌិតរឿងមិនពិតក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេច និងក្រុមគ្រួសារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសរសេរក្នុងបណ្តាញសង្គមផ្ទាល់ខ្លួននាល្ងាចថ្ងៃទី២ ខែឧសភានេះថា ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថា មានការសូកប៉ាន់ពីសំណាក់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថា ខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយ លោក គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។
សម្តេចបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យលោក គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)។
សម្តេចបន្តថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ សម្តេចមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់លោក គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ សម្តេចនឹងបន្តគោលការណ៍អនុញ្ញាតក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។
ហេត្តដូច្នេះ បានផ្តាំទៅវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាបក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចនិងក្រុមគ្រួសារ។ ជាពិសេសយកឈ្មោះមន្ត្រីដើម្បីជាខែលបិទបាំងនៅអំពើស្មោគគ្រោក និងអសីលធម៌របស់ខ្លួន។ សម្តេចនាយករដ្ឋន្រ្តីថ្លែងបញ្ជាក់ថា «បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់អោយ លោក គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះសូមកុំដេកស្រម៉ៃ។ ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ខ្ញុំនៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ»៕
អត្ថបទ៖ សាង តេជៈ និងរូបភាព៖ ហ្វេសប៊ុកផេកសម្តេចធិបតី